ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ជំរុញកិច្ចការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធឱ្យបានឆាប់រហ័សត្រឹមត្រូវតាមច្បាប់

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបាន និងកំពុងបន្តជំរុញល្បឿនការងារចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋដើម្បីធ្វើឱ្យប្រសើរឡើងក្នុងការធានាបាននូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ដីធ្លីស្របច្បាប់។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិរោងគោដើមចំនួន៥៧២ក្បាលដី និងការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិរោងគោកណ្តាល ចំនួន ៧២៩ក្បាលដី ក្នុងឃុំចំណោម ស្រុកមង្គលបូរី ហើយកាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជំរុញដល់ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀតក្នុង ការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោលដៅឱ្យបានលឿន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋដែលបានចូលរួមសាទរយ៉ាងច្រើននៅក្នុងពិធីនេះលោក អ៊ុ រាត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកចិត្តទុកដាក់ជំរុញអាជ្ញាធរ រដ្ឋបាលដីធ្លីគ្រប់ជាន់ថ្នាក់ឱ្យ បន្តប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ស្របច្បាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដី ពិសេសទៀតនោះបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានបង្កើតឱ្យមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះឡើង និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននិងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ។

លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត បន្ទាយមានជ័យ បានឱ្យដឹងថា បច្ចុប្បន្នក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលកំពុងធ្វើសកម្មភាពវាស់វែងដីធ្លីនេះ ក្នុងតំបន់គោលដៅមាននៅក្រុងសិរីសោភ័ណ ស្រុក មង្គលបូរី ស្រុកព្រះនេត្រព្រះ ក្រុងប៉ោយប៉ែត និងស្រុកភ្នំស្រុក បាននិងកំពុងរៀបចំបន្ថែមក្រុមការងារដើម្បីចុះវាស់វែងដីធ្លី ជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់ ស្រុក ក្រុង។

លោកបានបន្តថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់ គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែង និងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។

ការផ្តល់សិទ្ធិចំពោះក្បាលដីណា ដែលមិនមានទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដី។ ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធនៅខេត្តបន្ទាយមានជ័យ បានដំណើរការតាំងពីឆ្នាំ២០១២ ហើយមកទល់ពេលនេះធ្វើបានប្រមាណជាង១៥ម៉ឺនប័ណ្ណ ជូនដល់ប្រជាពលរដ្ឋ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *