ព័ត៌មានជាតិ

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បន្តផ្តល់ស្បៀងជូនជនចាស់ជរា គ្រួសារក្រីក្រ និងក្រុមគ្រួសារម៉ូតូឌុប ក្នុងក្រុងពោធិ៍សាត់ ជិត១០០គ្រួសារ

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីដោះស្រាយបញ្ហាប្រឈម ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ និងផ្តល់លិខិតថ្លែងអំណរគុណ ជូនសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភថវិកា និងសម្ភារៈ សម្រាប់ចូលរួមចំណែកទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ (Covid-19) នៅក្នុងខេត្តរួចមក ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តផ្តល់ស្បៀង ជូនជនចាស់ជរា គ្រួសារក្រីក្រ និងក្រុមគ្រួសារម៉ូតូឌុប ក្នុងក្រុងពោធិ៍សាត់ បានជិត១០០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ១០គីឡូក្រាម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ការកុំឱ្យឆ្លងជំងឺកូវីដ១៩ទាំងអស់គ្នា ដោយប្រេីម៉ាសពាក់ការពារគ្រប់ទីកន្លែង និងត្រូវដុសលាងសម្អាតដៃមុនពេលប៉ះពាល់ និងក្រោយពេលប៉ះពាលក់របស់របរ ឬវត្ថុអ្វីមួយនៅតាមទីផ្សារ និងតាមទីធ្លាសាធារណៈ។ ទន្ទឹមនឹងនោះ ត្រូវមានអនាម័យសុខភាពខ្ពស់ជាប្រចាំ និងត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ ខេត្តពោធិ៍សាត់ពុំទាន់មានករណីកូវីដនៅឡើយទេ។ ដោយឡែកនៅទូទាំងប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងល្អបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៣នាក់ទៀត ធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១០នាក់ ហើយពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *