ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភណ្ឌ័អភិបាលខេត្តកណ្តាលបានដឹកនាំមន្រ្តីរាជការ ខេត្ត ស្រុក ប្រារព្ធពិធីដាំដើមឈើ ។

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១។ ឯកឧត្តម គង់ សោភណ្ឌ័អភិបាលខេត្តកណ្តាលបានដឹកនាំមន្រ្តីរាជការ ខេត្ត ស្រុក ប្រារព្ធពិធីដាំដើមឈើដើម្បីអបអរសាទរពិធីរុក្ខទិវា នៅតាមខ្នងទំនប់បឹងព្រះរាជទ្រព្យ (បឹងផ្សារដែក) ស្ថិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

ពិធីដាំកូនឈើនាពេលនេះ មានអត្ថន័យសំខាន់ណាស់សម្រាប់ជាសារមួយជួយបំផុសស្មារតីដល់មហាជនបានយល់ដឹងអំពីគុណប្រយោជន៍ នៃដើមឈើ និងជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋចូលរួម ស្រលាញ់ ថែរក្សាដើមឈើ ដែលជាធនធានធម្មជាតិដ៏មានសារសំខាន់សម្រាប់ជីវិតមនុស្ស សត្វ ។
ការដាំដើមឈើនាឱកាសនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញជាក់​ស្ដែង​នូវ​ការ​យកចិត្ដ​ទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា តែងតែបានជម្រុញការអភិវឌ្ឍន៍តំបន់បៃតងនៅតាមបណ្តារខេត្ត ក្រុង-ស្រុក នីមួយៗ និងលើកទឹកចិត្តឱ្យមានយុទ្ធនាការដាំដើមឈើក្រោមពាក្យស្លោក “ដាំដើមឈើផ្តើម ចេញពីអ្នកឬទេសចរម្នាក់ ដើមឈើមួយដើម ។

ឆ្នាំនេះដើម្បីអបអរសាទរពិធីរុក្ខទិវា ៩កក្កដា បានជ្រើសរើសការដាំដើមឈើនៅតាមខ្នងទំនប់បឹងព្រះរាជទ្រព្យ (បឹងផ្សារដែក) ក្នុងភូមិសាស្ត្រឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដោយបានដាំដើមឈើលម្អ រួមមានឥន្ទនេល សាគូរ៉ា(ដើមធំ) និងក្ងោកសរុបចំនួន៣២៨ដើម ។

ការដាំឈើនៅទីនេះ និងការដាំនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា គឺមានគោលបំណងជួយថែរក្សាបរិស្ថាន បង្កើន​​ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និងជាម្លប់ដ៏ត្រជាក់​សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជា​ពលរដ្ឋ​យើង ជាពិសេស គឺជួយកែប្រែបរិយាកាសធម្មជាតិនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានាឱ្យកាន់តែល្អប្រសើរថែមទៀត ។

ស្ថិតក្នុងឱកាសនេះដែរ លោកអភិបាលខេត្តសូមជំរុញឱ្យគ្រប់ក្រុង ស្រុកទាំងអស់បន្តយកចិត្តទុកដាក់រៀបចំជាផែនការដាំដើមឈើប្រចាំឆ្នាំ ដោយកំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌលសុខភាព សាលារៀនណាមួយសម្រាប់ធ្វើការដាំដើមឈើ ហើយត្រូវជំរុញចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្តអារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែឱ្យបានគ្រប់ទី​កន្លែងផងដែរ ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យ បាន​ដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង លើសពីនេះទៅទៀត ការដាំដើមឈើមានសារសំខាន់ណាស់ហើយ ប៉ុន្តែសំខាន់ជាងនេះទៅទៀត ការថែទាំដើមឈើឱ្យរស់ដុះលូតលាស់ល្អ វាជាការប្រសើរបំផុតថែមទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *