ខេត្តកែប នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ហ៊ួរ មិថុនា អភិបាលរងខេត្ត តំណាង ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកែប ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត តំណាង អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន និងក្រុមយុវជនជាច្រើនរូប។
តាមរបាយការណ៍ដែលអានដោយ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បញ្ជាក់ថា អនុវត្តតាម អនុក្រឹត្យលេខ ១៨៨ អនក្រ.បក ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តកែប បានរៀបចំបង្កើតគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ទាំង៥រួចរាល់ ដែលមានសមាសភាពពីគ្រប់ភាគីពាក់ព័ន្ធ ក្រៅពីនេះមន្ទីរអង្គភាពជុំវិញខេត្ត ក៏បានដាក់ចេញនូវលិខិតបង្គាប់ការ ដើម្បីជួយទ្រទ្រង់ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយផងដែរ ។ ក្នុងរបាយការណ៍បង្ហាញថា កន្លងមកគ្រប់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ ប្រើប្រាស់កំលាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ តាមរយៈការតាមដានសភាពការគ្រោះមហន្តរាយ ការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក៏ដូចជាអន្តរាគមន៍ជួយ សង្គ្រោះនៅពេលមានគ្រោះមហន្តរាយបានទាន់ពេលវេលា ដូចជាការជួយឧបត្ថម្ភ ស្បៀងអាហារ សម្ភារៈ និងថវិកា ជូនប្រជាជនក្រីក្រ ប្រជាជនរងគ្រោះផ្សេងៗ ៦៧០គ្រួសារ ស្មើនឹង ២៣៤២នាក់ ។
លោក អភិបាលរងខេត្ត បញ្ជាក់ថា ការងារស្តារឡើងវិញបន្ទាប់ពីមានគ្រោះមហន្តរាយ ដូចជាការជួយសាងសង់ផ្ទះឡើងវិញ និងតបណ្តាញអគ្គីសនីឡើងវិញជាដើមបានចំនួន ៥៦គ្រួសារ មានប្រសាសន៍ ក្នុងឱកាសនោះ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើឡើងថា កិច្ចប្រជុំបូកសរុបការងារគ្រប់គ្រង គ្រោះមហន្តរាយ នាពេលនេះ នឹងបានផ្តល់នូវធាតុចូលដ៏សំខាន់សម្រាប់គណៈកម្មាធិការជាតិ យកទៅសិក្សាស្វែងយល់ សំដៅពង្រឹងនូវសុវត្ថិភាព ប្រសិទ្ធភាព នៃការគ្រប់គ្រងគ្រោះមហន្តរាយកាន់តែល្អប្រសើរ ឯកឧត្តម សង្កត់ធ្ងន់ថា បច្ចុប្បន្នពិភពលោក កំពុងប្រឈមនឹងគ្រោះមហន្តរាយ ដែលបង្កឡើងដោយធម្មជាតិ បង្កឡើងដោយមនុស្ស និងជំងឺឆ្លងផ្សេងៗ ដែលមានចរិកកាន់តែសាហាវ កាន់តែធំទៅៗ និងមានវិសាលភាពកាន់តែធ្ងន់ធ្ងរ ដែលទាមទាអោយគ្រប់ភាគីពាក់ព័ន្ធ ត្រូវតែចាប់អារម្មណ៍ និងចាត់វិធានការទប់ស្កាត់ ដោះស្រាយបញ្ហា ឆ្លើយតបទាន់ពេលវេលា ពិសេសការស្តារឡើងវិញនៅពេលមានគ្រោះមហន្តរាយ។ ក្នុងនោះដែរ ឯកឧត្តមអនុប្រធាន បានស្នើអោយសមាជិក សមាជិកា ចូលរួមពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងរិះរកដំណោះស្រាយអោយកាន់តែល្អប្រសើរថែមទៀត លើការងារគ្រប់គ្រងគ្រោះមហន្តរាយ។ ឯកឧត្តម ក៏បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធ បង្កើតគ្រុប Telegam ឬ Telegram Channel និងផ្សព្វផ្សាយអោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជានេសាទ ក្នុងការបញ្ជូន និងផ្តល់ព័ត៌មានស្តីពីគ្រោះមហន្តរាយផ្សេងៗ៕