ព័ត៌មានជាតិ

តាមការព្យាករណ៍! ចាប់ពីថ្ងៃស្អែកទៅ ភ្នំពេញ និងខេត្ត ៦ទៀត ប្រឈមនឹងជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះតទៅ ភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តចំនួន ៦ទៀត អាចប្រឈមនឹងជំនន់ទឹកភ្លៀង ក្នុងកំលុងពេលប្រមាណ៦ថ្ងៃ។

ក្រសួងធនធានទឹក បានព្យាករណ៍ថា ដោយសារកម្ពុជាទទួលឥទ្ធិពលអាកាសធាតុនៅក្នុងតំបន់ចំនួន ៤ព្រមៗគ្នា បានធ្វើឲ្យតំបន់វាលទំនាបជួបស្ថានភាព ផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្ហូរទៅខ្លាំង និងអាចប្រឈមនឹងជំនន់ទឹកភ្លៀង Flash Floods ជាពិសេសនៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

ស្របជាមួយគ្នានេះ ខេត្តតំបន់មាត់សមុទ្រ ២ទៀត ក៏អាចប្រឈមនិងជំនន់ទឹកភ្លៀងដែរ គឺនៅខេត្តកោះកុង និងខេត្តព្រះសីហនុ។ ដោយឡែក នៅតាមបណ្តាកោះអាចប្រឈមទៅនិងបាតុភូតរលកព្យុះសមុទ្រ Storm Surge។ ក្រសួងធនធានទឹក បានបញ្ជាក់ដែរថា ចំពោះស្ថានភាពនៃទឹកទន្លេមេគង្គក៏បន្តឡើងជាបន្តបន្ទាប់ដែរ។ យោងលើស្ថានភាពបែបនេះ ក្រសួងបានអំពាវនាវឲ្យសាធារណជន និងប្រជានេសាទអ្នកដំណើរទាំងអស់មានការប្រុងប្រយ័ត្នពីការប្រែប្រួលអាកាស ដែលនឹងអាចកើតមានឡើង​ជាយថាហេតុ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *