ព័ត៌មានជាតិ

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម​

(​ស្វាយរៀង​)៖ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជាមួយ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ដើម្បី​សិក្សា​ស្រាវជ្រាវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី​ប្រតិភូ​ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន កម្ពុជា​-​វៀតណាម នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំ​ខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព តំណាង​កងកម្លាំង​ទាំង​បី អភិបាលក្រុង​-​ស្រុក កងកម្លាំង​វរ​ព្រំដែន ប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ទ្វេភាគី និង​អស់លោក លោកស្រី ដែល​ជា​សមាជិក​អនុគណៈកម្មាធិការ​ព្រំដែន​ខេត្ត​ជាច្រើន​រូប​ទៀត​។​

​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម ម៉ែន វិបុល បាន​ជម្រាបជូន​អំពី​ស្ថានភាព​ភូមិសាស្ត្រ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម និង​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ឯកឧត្តម​បណ្ឌិត​សភាព​ចារ្យ សុខ ទូច ព្រមទាំង​គណៈប្រតិភូ​អមដំណើរ ដែល​បាន​អញ្ជើញ ចុះ​មក​បំពេញបេសកកម្ម ដើម្បី​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ព្រំដែន នៅក្នុង​ភូមិសាស្ត្រ​ខេត្ដ​ស្វាយរៀង នាពេលនេះ​។​

​ឯកឧត្តម ម៉ែន វិបុល បាន​គាំទ្រ និង​សហការ​សម្របសម្រួល​ជានិច្ច​ជាមួយ​ក្រុមការងារ ដើម្បី​គាំទ្រ​កិច្ចការ​ដ៏​មាន​សារៈសំខាន់​នេះ ឱ្យ​ទទួលបាន​លទ្ធផល​ជោគជ័យ សម្រាប់​ជា​ប្រយោជន៍​របស់ ប្រទេសជាតិ​យើង និយាយ​ជា​រួម​នៅក្នុង​ខេត្ត​ស្វាយរៀង និង​និយាយ​ដោយឡែក​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ស្នើ​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​ការពារ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន រដ្ឋបាល​ក្រុង ស្រុក​ជាប់​ព្រំដែន ត្រូវ​ត្រៀម​សហការ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​គ្រប់បែបយ៉ាង ជាមួយ​ក្រុមការងារ រាជបណ្ឌិត្យសភា​កម្ពុជា ដើម្បី​ឱ្យ​ការចុះ​បំពេញបេសកកម្ម សិក្សា​ស្រាវជ្រាវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​ខេត្ដ​ស្វាយរៀង ទទួលបាន​លទ្ធផល​ល្អ និង​ជោគជ័យ​តាម​ផែនការ ដែល​បាន​គ្រោងទុក​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *