(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ បានបង្ហោះសារនៅលើហ្វេសប៊ុកផេក ដោយធ្វើការព្រមានដល់បុគ្គលដែលឆ្លៀតឱកាសពីការបែងចែកនឹងទទួលដីធ្លីនឹងត្រូវមានទោស។សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់សារជាថ្មីដល់មន្រ្តី អ្នកមានអំណាច និងអ្នកមានទ្រព្យធនស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយ ហើយឈប់ធ្វើបាបប្រជាពលរដ្ឋតទៅ ទៀត។
សូមរំលឹកថាកាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ២០២០ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាទៅក្រសួងទាំង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី អោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ ក្នុងនោះគឺ សម្តេចតេជោ បានបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗថា៖
១)ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តិជាដាច់ខាត។ កន្លងមក សម្តេចតេជោ បានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចអោយទៅកាប់រុករានទន្រ្ទានយកដីអោយខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្រ្ទានយកដីរដ្ឋក្នុងមួយយប់ធ្វើបានខ្ទមពី១០ទៅ។២០ ក៏សម្តេចតេជោបានដឹងនឹងកំណត់អត្តសញ្ញាណនិងមុខសញ្ញារួចអស់ហើយដែរ។ បើរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តិមែននោះគឺនឹងត្រូវចាប់ខ្លួន។
២) ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើអោយបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។៣)ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកឱស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម៕