(ខេត្តកែប)៖ នៅព្រឹក ថ្ងៃសុក្រ ១២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ លោក កែន អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ក្រោមអធិបតីភាព លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកែប។
អញ្ជើញចូលរួមក្នុងធិធីនេះមានអស់លោកជារដ្ឋលេខាធិការ ក្រុមការងារថ្នាក់ជាតិ លោក លោកស្រី ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំង៣ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត តំណាងដៃគូរអភិវឌ្ឍនានាផងដែរ។
ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣ ព្រឹកនេះត្រូវបានប្រកាសសមាជិកចំនួន១៥រូប ដែលមាន លោក សំ សារីន ត្រូវបានប្រកាសឲ្យបន្តតំណែងជាប្រធានក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ខណៈដែលអាណតិ្តទី២ មានតែត្រឹមតែ៩រូបប៉ុណ្ណោះ។
ក្នុងឱកាសនោះលោក កែន សត្ថា អភិបាលខេត្ត បានឱ្យដឹងថា បច្ចុប្បន្នខេត្តកែប បានជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធលូ សួនច្បារ សួនសាធារណ:ផ្សេងៗ សម្រាប់ចូលរួមប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត និងសេវាកម្មល្អនិងសាងសង់បន្ថែមហេដ្ឋារចនាសម្ព័ន្ធថ្មី ៗជាច្រើនរាប់មិនអស់ទៀត ពិសេសឆ្នេរលេងទឹកនៃទីប្រជុំជនខេត្តកែប។
ជាមួយនេះផងដែរ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជំរុញដល់បណ្តាក្រុង ស្រុក ឃុំ ហើយខេត្តបានយកចិត្តទុកដាក់នូវការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ដោយផ្តោតការគាំទ្រដល់ដំណើរការវិមជ្ឈការនៅថ្នាក់ឃុំ សង្កាត់ និងដំណើរការវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រុងស្រុក ដោយខេត្តបានយកចិត្តទុកដាក់កែលម្អសោភ័ណភាពក្រុង សម្អាតអនាម័យតាមទីប្រជុំជននានាក្នុងភូមិសាស្ត្ររបស់ខ្លួនធ្វើឱ្យកាន់តែមានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយឆ្នាំទៅមួយឆ្នាំ។
ចំពោះការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុច ខេត្តបានអនុវត្តកាន់តែល្អប្រសើរតាមរយ:ការរក្សាសណ្តាប់ធ្នាប់សាធារណ:របៀបរៀបរយសង្គម។ថែមទាំងមានការពង្រឹងបន្ថែម ក្នុងនោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកអាណតិ្តទី៣នៅខេត្តកែប ពិតជាធានាបាននូវសុវត្ថិភាពទាំងស្រុង។
ក្នុងឱកាសនេះ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកែប បានថ្លែងអបអរសាទរកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តកែបដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំខេត្តកែប ឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដោយជំរុញដល់សមាជិក សមាជិកា ត្រូវតែខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាពគ្នា យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ៕