ព័ត៌មានជាតិ

លោក កែ​ន សត្ថា ដឹកនាំ​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ចូលរួម​ហូប​នំ​បញ្ចុក សាមគ្គី​៩​មិថុនា​

(​ខេត្ត​កែប​)៖ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប បាន​រៀបចំ​ពិធី​ហូប​នំ​បញ្ចុក​សាមគ្គី​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​កែប ដែល​មានឈ្មោះ​ថា​”​នំ​បញ្ចុក​តេជោ​សន្តិភាព​” ដែល​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​គ្រប់​មូលដ្ឋាន នា​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​បញ្ជាក់​ពី​ការ​សាមគ្គីភាព និង​ឯកភាព​ជាតិ ក្រោម​ដំបូល​នៃ​សុខ សន្តិភាព​។​

​ក្នុង​ទិវា​ហូប​នំ​បញ្ចុក​នេះ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប ក៏​បាន​ដឹកនាំ​សហការី សមាជិក សមាជិកា ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ឱ្យ​ចូលរួម​ពិសារ​នំ​បញ្ចុក​រួមគ្នា ដើម្បី​បញ្ជាក់​ពី​ការ​សាមគ្គីភាព​យ៉ាង​ស្អិតល្មួត ដោយ​កម្ម​វិធី​ត្រូវបាន​ប្រព្រឹត្តទៅ​នៅ​គ្រប់​មូលដ្ឋាន ចាប់​ពី​ព្រឹក​រហូតដល់​ពេល​ល្ងាច​។​

​ជាមួយគ្នា​នេះ​មហាជន ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ព្រះសង្ឃ ក៏​បាន​ចូលរួម​យ៉ាង​ផុលផុស ពោរពេញ​ទៅ​ដោយ​ក្តី​រីករាយ​ឥត​ឧបមា ដោយ​បាន​ចូលរួម​ក្នុង​ទិវា​ហូប​នំ​បញ្ចុក​សាមគ្គី​៩​មិថុនា​យ៉ាង​សប្បាយរីករាយ​ក្រៃលែង​។​

​ក្នុង​ទិវា​ដ៏​វិសេសវិសាល​នេះដែរ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មកា​រគ​ណ​បក្ស​ខេត្ត ពិតជា​មាន​ក្តីរំភើប​រីករាយ ខណៈ​បានឃើញ​វត្តមាន សមាជិក សមាជិកា ក្រុម​ការងារ​គ្រប់​ជាន់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​តាម​តំបន់​និមួយៗ បាន​សហការ​គ្នា​បាន​ល្អ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ក្នុង​ការរៀបចំ​ទិវា​នំ​បញ្ចុក​តេជោ​សន្តិភាព នេះ​ឡើង​ប្រកប​ដោយ​ឆន្ទៈ​ស្រលាញ់​រាប់អាន​គ្នា ការយោគយល់​គ្នា ក្នុង​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ​។​

​សូមជម្រាបថា​៖ ទិវា​នំ​បញ្ចុក​៩​មិថុនា របស់​សម្តេច​តេជោ​សន្តិភាព ត្រូវបាន​ប្រធាន​គណៈកម្មការ​គណបក្ស​ប្រជាជន​ខេត្ត​កែប លោក កែ​ន សត្ថា រៀបចំឡើង​ក្នុង​ភាព​អធិកអធម នៅ​គ្រប់​មូលដ្ឋាន ដែល​មាន​សមាជិក សមាជិកា និង​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​៣០០០​នាក់​៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *