ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងការការពារនឹងជំងឺកូវីដ-១៩បន្តទៀត ដើម្បីបញ្ចៀសឱ្យបាននូវការឆ្លងរាតត្បាតជំងឺនេះ ដោយឱ្យពួកគាត់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តថែរក្សាការពារអនាម័យ ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែល អោយត្រឹមត្រូវ។
ឯកឧត្តមអភិបាលខេត្ត អំពាវនាវបែបនេះក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារ និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រដ្ឋបាលស្រុកល្វាឯម នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅសាលាស្រុកល្វាឯម។
ឯកឧត្ដមបន្តថា បើទោះបីជាក្នុងរយៈពេលចុងក្រោយនេះ មិនមានកំណើនប្រជាពលរដ្ឋក្នុងការឆ្លងជំងឺកូវីដ១៩នេះនៅក្នុងខេត្តកណ្ដាល និងទូទាំងប្រទេសក្ដី តែយើងមិនត្រូវមានការធ្វេសប្រហែសឡើយ ព្រោះថានៅលើពិភពលោកមិនទាន់មានការថយចុះនៅឡើយទេ ដូច្នេះយើងត្រូវតែបន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ក្នុងការអនាម័យខ្លួនប្រាណជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរត្រូវកែប្រែឥរិយាបថពីអ្នកត្រួតត្រាទៅជាអ្នកផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាពឆ្លើយតប ដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដោយរួមសាមគ្គីភាព សហការគ្នាយ៉ាងសកម្មក្នុងការផ្ដល់សេវាសាធាណៈ កាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការកសាង និងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងខេត្ត។ ពិសេសត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ត្រូវធ្វើយ៉ាងណាខិតខំរួមគ្នា លប់បំបាត់ឱ្យបាននូវ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ចោរកម្មគ្រប់ប្រភេទក្នុងមូលដ្ឋានដើម្បីធានាឱ្យបាននូវភាពសុខសាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល បានចែកម៉ាស់ ចំនួន ៩០ប្រអប់ សារុងចំនួន ១៩៧ និងថវិកាជូនដល់អ្នកចូលរួមទាំង ២៣៦ នាក់ ដោយក្នុងម្នាក់ ទទួលបាន ថវិកា ៥ ម៉ឺនរៀល ផងដែរ។