សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតគោរពជូនពរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៦៩ ឈានចូល៧០ឆ្នាំ ដែលនឹងឈានមកដល់នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ខាងមុខ។
សម្តេចក្រឡាហោម ស ខេង តាងនាមឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិនៃក្រសួងមហាផ្ទៃទាំងអស់ ចូលរួមសម្តែងអំណរសាទរ ប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសខួបកំណើត ៦៩ ឈានចូល៧០ឆ្នាំ។ ជាងនេះទៀត សម្តេចក្រឡាហោម ស ខេង ក៏បានគោរពកោតសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ប្រកបដោយវីរភាពដ៏អង់អាច ឈ្លាសវៃ និងប៉ិនប្រសប់ ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី តែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី គោរពបម្រើយ៉ាងស្មោះស្ម័គ្រក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ តាមរយៈទេពកោសល្យគតិបណ្ឌិត សក្តានុពល និងឧត្តមភាពយ៉ាងក្លៀវក្លា ដោយបាននាំមកនូវសុខ សន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គម ជាពិសេសការពារយ៉ាងរឹងមាំនូវ អធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងលើកកម្ពស់កិត្យានុភាពជាតិដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។
ទន្ទឹមនេះ សម្តេចតេជោ តែងយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំដល់សុខុមាលភាព និងជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងកម្មករ-កម្មការិនី ដោយបានដាក់ចេញនូវគោលនយោបាយអាទិភាពនានា ក្នុងគោលដៅ លើកកម្ពស់កិច្ចគាំពារសង្គម កាន់តែប្រសើរឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចក្រឡាហោម ស ខេង ក្នុងនាមថ្នាក់ មន្ត្រីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងជួយប្រោះព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានប្រកបដោយពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត៕