ព័ត៌មានជាតិ

អាជ្ញាធរ បន្តចុះ ផ្សព្វផ្សាយវិធីបង្ការណែនាំ និងវិធីសាស្ត្រការពារ របស់ក្រសួង សុខាភិបាល នៅតាមខ្នងផ្ទះ ប្រជាជន

ខេត្តកណ្តាល៖ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារ បន្តចុុះអប់រំផ្សព្វផ្សាយ ពីវិធីបង្ការ ណែនាំនិងវិធីសាស្ត្រ ការពារ របស់ក្រសួងសុខាភិបាល នៅតាមខ្នងផ្ទះប្រជាពលរដ្ឋសង្កាត់តាខ្មៅ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។
គោលបំណង នៃការអប់រំផ្សព្វផ្សាយនេះ ដើម្បី ធ្វើយ៉ាងណាអោយ ប្រជាពលរដ្ឋ បានយល់ជ្រួតជ្រាប ពីវិធានការ ការពារ ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។

នៅទីនោះ លោកជំទាវ ហ៊ុនកុសនី បាន ណែនាំ ដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ អំពីវិធីបង្ការសុខភាព អនាម័យ ដូចជា៖ ត្រូវលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃ ដែលមានជាតិអាល់កុល,ត្រូវកាត់បន្ថយការចេញក្រៅ និងការជួបជុំគ្នា ប្រសិនបើគ្មានការចាំបាច់។
ជាមួយគ្នានេះបើបងប្អូនប្រជាពលរដ្ឋចេញក្រៅត្រូវការពារ ពាក់ម៉ាស ឬរុំក្រមាជានិច្ច ។ដោយឡែកប្រសិនបើពិនិត្យឃើញថា៖មានអាការៈរោគ គួឲ្យសង្ស័យ ដូចជាក្តៅខ្លួន ក្អក និងពិបាក ដកដង្ហើម ចាំបាច់ត្រូវទៅពីគ្រោះជាមួយគ្រូពេទ្យ ។ម៉្យាងទៀតហើយក្នុងករណីមានប្រជាពលរដ្ឋណាដែលទើបត្រឡប់ពីក្រៅប្រទេស ត្រូវរាយការណ៍ទៅអាជ្ញាធរភ្លាមៗ ដើម្បី អនុត្តតាមវិធីវិធី របស់ក្រសួងសុខាភិបាល ដោយដាក់បងប្អូន អោយនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើតេស្ត ពិនិត្យ អាការះរោគ ជៀសវាងការឆ្លងជំងឺកូវីដ-១៩។

លោកជំទាវក៍បានក្រើនរំលឹកដល់អជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យជំនាញត្រូវបន្ត ធ្វើការផ្សព្វផ្សាយអប់រំ នៅតាមមូលដ្ឋានជាពិសេស នៅតាមទីប្រជុំជន និងទីសាធារណៈឲ្យបានផុលផុស អំពីវិធានការ ទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ-១៩។

គួរបញ្ជាក់ថា៖ ក្នុងឱកាសចុះអប់រំនេះលោកជំទាវ អភិបាលរងខេត្ត បាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ ក្រីក្រតាមខ្នងផ្ទះ ចំនួន៣០គ្រួសារ ដោយ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡក្រាម សាប៊ូ ៤ដុំ និងក្រមា ១។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *