ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃ ចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អនុប្រធានសាខាកាកបាទក្រហមខេត្ត លោកវេជ្ជបណ្ឌិត ប្រាក់ វុន លេខាធិការ នៃគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក យិន សាវ៉េន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំង និងលោកស្រី ពេជ្រ ឃន ប្រធានអនុសាខាបាទក្រហមក្រុងកំពង់ឆ្នាំង រួមជាមួយចៅសង្កាត់ទាំង ៤ និងអាជ្ញាធរមូលដ្ឋានបានចុះជួបនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស មកស្រុកកំណើតវិញ នៅសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង សរុប ៣១នាក់ ស្រី ១៥នាក់។
ប្រជាពលរដ្ឋដែលទើបវិលត្រឡប់ពីបរទេសនោះរួមមាន៖
១.សង្កាត់ផ្សារឆ្នាំង ០៧ នាក់ ស្រី ០៤ នាក់
២.សង្កាត់កំពង់ឆ្នាំង ០៤ នាក់ ស្រី ០៤ នាក់
៣.សង្កាត់ប្អេរ ០៨ នាក់ ស្រី ០៣ នាក់
៤.សង្កាត់ខ្សាមចំនួន ១២ នាក់ ស្រី ០៤ នាក់ ។
ក្នុងឪកាសនោះ ឯកឧត្តមប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ក៏បានមានមតិសំណេះសំណាល និងអប់រំផ្សព្វផ្សាយណែនាំ ដល់ពួកគាត់ឲ្យដាក់ខ្លួននៅដាច់ដោយឡែកពីបងប្អូន ឱពុកម្តាយ កូន ប្រពន្ធ ញាតិមិត្ត និងមិនអនុញ្ញាឲ្យចេញដើរ រហេតរហូតរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានអាការៈនៃជំងឺកូវីត១៩។
បន្ថែមពីនោះ ឯកឧត្តម ក៏បានអប់រំណែនាំ អំពីរបៀបថែទាំសុខភាព ដូចជា៖
១.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
២.ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ
៧.ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀសវាងការទទួលពត៌មានពុំមានប្រភពមិនច្បាស់លាស់ និងភូតកុហក ។