ខេត្តសៀមរាប៖ ថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប មានបេីកកិច្ចប្រជុំពិភាក្សារៀបចំទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ លោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលាខេត្ត និងមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាព លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក និងអ្នកពាក់ព័ន្ធជុំវិញខេត្ត។
កិច្ចប្រជុំនេះ ក្នុងគោលបំណងពិភាក្សាការងាររបស់រដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលឃុំ-សង្កាត់ ដេីម្បីបន្តអនុវត្តភារកិច្ចការងារដែលនៅសេសសល់ពីឆ្នាំ២០១៩ និងកិច្ចការនានាក្នុងឆ្នាំ២០២០ ស្ថិតក្នុងក្របខណ្ឌនៃផែនការអភិវឌ្ឍខេត្ត ដេីម្បីសម្រេចបាននូវសមិទ្ធផលប្រកបដោយប្រសិទ្ធភាព ព្រមទាំងអនុវត្តតាមអភិក្រមទាំង៥ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅលេីភាពអសកម្មនានា និងទិសដៅការងារប្រកបដោយចក្ខុវិស័យទូលំទូលាយ ក្នុងការកំណត់នូវយុទ្ធសាស្រ្ដក្នុងដំណាក់កាលនីមួយៗ និងស្របតាមសភាពការណ៍ជាក់ស្ដែងនៃការវិវត្តន៍នូវស្ថានភាពសង្គម-សេដ្ឋកិច្ច ដេីម្បីឆ្លេីយតបនឹងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងរក្សាបាននូវស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថានធម្មជាតិ និងវប្បធម៌ សីលធម៌សង្គម សេចក្ដីថ្លៃថ្នូរ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជារួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាផងដែរ៕