ខេត្តស្វាយរៀ៖ នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីរៀបចំកំណត់តំបន់ទីតាំងអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ។
អញ្ជើញចូលរួមកក្នុងកិច្ចប្រជុំនេះមាន លោកស្នងការរងនគរបាលខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលរងក្រុងស្វាយរៀង លោកស្រីអភិបាលរងក្រុងបាវិត លោកប្រធានមន្ទីទេសចណ៍ខេត្ត លោកអនុប្រធានមន្ទីរបរិស្ថានខេត្ត លោកនាយកទីចាត់សាលាទាំង២ តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។
លោកអភិបាលរងខេត្តបានមានប្រសាសន៍ថា ដោយយោងទៅលើអនុក្រឹត្យលេខ ១៩១ អនក្រលក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្ដីពីការគ្របគ្រងមណ្ឌលកម្សា្តទេសចរណ៍មនុស្សពេញវ័យ ការកំណត់ទីតាំងធ្វើសកម្មភាពរបស់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យនិងមានទីតាំងសមរម្យ និងសមស្របតាមប្រភេទអាជីវកម្មនីមួយៗ ដូចខាងក្រោម៖
•មានចម្ងាយយ៉ាងតិច ២០០ម៉ែត្រ ពីបរិវេណក្រសួង ស្ថាប័ន គ្រឹះស្ថាន រដ្ឋបាល សាធារណៈ ស្ថានទូត មន្ទីពេទ្យ សាលារៀន ទីតាំងសាសនា ប្រាង្គប្រាសាទ ទីតាំង បេតិភណ្ឌវប្បធម៍។
•មិនបង្កការរំខានដល់ក្រសួងស្ថាប័ន គ្រឹះស្ថានរដ្ឋបាលសាធារណ ស្ថានទូត មន្ទីពេទ្យ សាលារៀន ទីតាំងសាសនា ប្រាង្គប្រាសាទ ទីតាំងវប្បធម៍។
•ធានារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ អនាម័យ និងបរិស្ថាន ឱ្យបានល្អ ។
•អាជីវកម្មរង្គសាល ឌីស្កូកែត និងបៀហ្កាឌិន ចាប់ដំណើរការអាជីវកម្ម ពីម៉ោង ១៨.០០នាទីដល់ម៉ោង២៤.០០នាទី
•អាជីវកម្មខារ៉ាអូខេចាប់ដំណើរការពីម៉ោង១០.០០នាទីព្រឹកដល់ម៉ោង ២៤.០០ នាទី ការកំណត់ពេលវេលាដំណើរការអាជីវកម្មហួសពីម៉ោង២៤.០០ ត្រូវបានអនុញ្ញាត ចំពោះ តែតំបន់អភិវឌ្ឍន៍ និងគោលដៅទេសចរណ៍សំខាន់ៗ និងត្រូវ កំណត់ដោយ រដ្ឋបាលថ្នាក់ជាតិ ៕
ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង