ព័ត៌មានជាតិ

ពិធីបិទការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់ នៅកីឡដ្ឋានខេត្តកណ្ដាលដើម្បីអបអរខួបអនុសាវរីយ៍លើកទី៤១ ទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២០

ខេត្តកណ្តាល៖ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកណ្ដាល បានរៀបចំកីឡាប៉េតង់ និងកីឡាបាល់ទាត់ ដែលត្រូវបានបិទបញ្ចប់នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងពិធីបិទការប្រកួត លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ការរៀបចំការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់ គឺដើម្បីអបអរខួបអនុសាវរីយ៍លើកទី៤១ ទិវាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩-២០២០ និងរំឮកនូវការចងចាំមិនអាចបំភ្លេចបាន ចំពោះមហាឧក្រឹដ្ឋកម្ម ដ៏សាហាវព្រៃផ្សៃបំផុត នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់ពួក ប៉ុល ពត ដែលបានប្រព្រឹត្តិមកលើមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះយុវជន យុវនារី និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានធ្វើពលិកម្មប្រកបដោយវីរភាព ក្នុងការតស៊ូផ្ដួលរំលំរបបប្រល័យពូជសាស្ត្រ និងការការពាររបបនេះមិនឱ្យវិលត្រឡប់មកកម្ពុជាសាជាថ្មីវិញបានឡើយ។ លោកបន្តថា ការប្រកួតកីឡានាឱកាសនេះ បានបង្ហាញយ៉ាងច្បាស់នូវនការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ មហាជន និងយុវជនក្នុងខេត្តកណ្ដាលទាំងអស់ ដែលប្រឡាញ់វិស័យកីឡា ជាពិសេសផ្នែកកីឡាប៉េតង់ និងកីឡាបាល់ទាត់។

លោកបន្ថែមថា ក្នុងរយៈពេលក្នុងការប្រកួតកន្លងមកនេះ ក្រុមកីឡាបានបង្ហាញនូវទេពកោសល្យ ភាពប៉ិនប្រសប់ និងបច្ចេកទេស ក្នុងការប្រកួតយ៉ាងស្វិតស្វាញ ហើយទទួលបានលទ្ធផលតាមសមត្ថភាពរៀងៗខ្លួន។ ចំពោះក្រុមដែលទទួបានជ័យជំនះក្ដី មិនទទួបានជ័យជំនះក្ដី នៅក្នុងការប្រកួតនេះ គឺយើងរក្សាបាននូវមហាគ្រួសារខ្មែរតែមួយ រស់ក្រោមដំបូលសុខសន្តិភាព ហើយយើងបានពង្រឹងនូវចំណងសាមគ្គីភាព មិត្តភាពទូលំទូលាយជាមួយក្រុមកីឡាដទៃទៀតនៅក្នុងខេត្ត។

សូមបញ្ជាក់ផងដែរថា ក្នុងការប្រកួតកីឡាប៉េតង់ចែកចេញជា២ផ្នែក គឺផ្នែកវ័យចាស់ មានវិញ្ញាសា ៣នាក់ ទល់ ៣នាក់ និង២នាក់ ទល់ ២នាក់ មានចំនួន១៦ក្រុម និងផ្នែកយុវជន មានវិញ្ញាសា ៣នាក់ ទល់ ៣នាក់ និង២នាក់ ទល់ ២នាក់ មានចំនួន០៨ក្រុម និងកីឡាបាល់ទាត់មានចំនួន១២ក្រុម។

ជាលទ្ធផល កីឡាប៉េតង់ ផ្នែកវ័យចាស់ វិញ្ញាសា ៣នាក់ ទល់ ៣នាក់ លេខ១ បានលើលក្លឹបកីឡាប៉េតង់អូឡាំពិក លេខ២ ក្លឹបនាគរាជ១ និងលេខ៣ ក្លឹបកំពង់សំណាញ វិញ្ញាសា ២នាក់ ទល់ ២នាក់ លេខ១ បានលើលក្លឹបនាគរាជ១ លេខ២ ក្លឹបសេនារាជសីហិ៍ និងលេខ៣ ក្លឹបនាគរាជ១។ ផ្នែកយុវជន វិញ្ញាសា ៣នាក់ ទល់ ៣នាក់ លេខ១ បានលើលក្លឹបនាគរាជ លេខ២ ក្លឹបវិទ្យាល័យ ហ៊ុន សែន សេរីភាព២ និងលេខ៣ ក្លឹបព្រែកហូរ១ វិញ្ញាសា ២នាក់ ទល់ ២នាក់ លេខ១ បានលើលក្លឹបព្រែកហូរ១ លេខ២ ក្លឹបវិទ្យាល័យ ហ៊ុន សែន សេរីភាព២ និងលេខ៣ ក្លឹបសមាគមកីឡាប៉េតង់ខេត្ត និងកីឡាបាល់ទាត់ លេខ១ បានលើលក្លឹបសង្កាត់ដើមមៀន លេខ២ ក្លឹបស.ស.យ.កស្រុកល្វាឯម និងលេខ៣ ក្លឹបសាលាតម្ង់ទិសបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំ ខេត្តកណ្ដាល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *