ខេត្តតាកែវ៖ នៅព្រឹកថ្ងៃច័ន្ទ ទី០៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវបានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីដំណើរការសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារ នៅរដ្ឋបាលក្រុង ស្រុក និងការិយាល័យជំនាញនានានៅគ្រប់ថ្នាក់ ក្រុង ស្រុក នៅរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលកម្មវិធីនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត។ ក្នុងឱកាសនោះដែរឯកឧត្តម អ៊ូច ភា អភិបាលខេត្តបានមានប្រសាសន៍ថា ការផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការធ្វើសមាហរណកម្មបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុកនាពេលនេះដើម្បីធ្វើយ៉ាងណា ធានាឱ្យបាននូវគោលការណ៍ ប្រសិទ្ធភាព ពិគ្រោះយោបល់ តម្លាភាព អព្យាក្រឹត្យ និងសមធម៌ ធានានូវអត្ថប្រយោជន៍នានា របស់បុគ្គលិកដូចជា ក្របខ័ណ្ឌ ឋានន្តស័ក្តិ ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភផ្សេងៗ ធានានូវនិរន្តភាពការងារ នៅតាមរដ្ឋបាលក្រុង ស្រុក និងការផ្តល់សេវានានា ទាំងក្នុងដំណាក់កាលធ្វើសមាហរណកម្ម និងក្រោយពេលធ្វើសមាហរណកម្មដើម្បីឱ្យមន្ត្រីជំនាញនៃវិស័យនីមួយៗត្រូវបានធ្វើសមាហរណកម្មទៅក្នុងការិយាល័យដែលពាក់ព័ន្ធនឹង ជំនាញរបស់ខ្លួន។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ដែរថា កិច្ចការសំខាន់ៗដើម្បីឲ្យដំណើរការសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការងារតាមការិយាល័យ និងអង្គភាពនៃរដ្ឋបាលក្រុង ស្រុក និងបុគ្គលិកដែលត្រូវបានផ្ទេរពីការិយាល័យ អង្គភាពជំនាញនានាត្រូវរៀបចំបញ្ចូលទៅក្នុងការិយាល័យឬអង្គភាពដែលពាក់ព័ន្ធនឹងតួនាទី ភារកិច្ចដែលសាមីខ្លួនកំពុងទទួលខុសត្រូវឬ ស្របទៅតាមជំនាញបច្ចេកទេស និងបទពិសោធន៍ការងាររបស់ បុគ្គលិកម្នាក់ៗ។
ជាចុងក្រោយឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវក៏បានសំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសម្របសម្រួល សហការរៀបចំកម្មវិធីការងារ និងជំរុញអនុវត្តការងារតាមភារកិច្ច ដែលបានកំណត់ពាក់ព័ន្ធនឹងដំណើរការធ្វើសមាហរណកម្មបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីដាក់ជូន គ.ជ.អ.ប ពិនិត្យនិងសម្រេចឱ្យបាននាដើមឆ្នាំ២០២០ខាងនេះ៕