ខេត្តកណ្តាល៖ ជនពិការក្រីក្រជាង១ពាន់នាក់ នៅតាមសហគមន៍ ក្នុងស្រុកខ្សាច់កណ្ដាល ទទួលបានប័ណ្ណសង្គមកិច្ច និងបើកផ្ដល់របបគោលនយោបាយ ពីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា។
ឯកឧត្ដមញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិកាក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ អញ្ញើជាអធិបតីភាពក្នុងពិធីចែកប័ណ្ណសង្គមកិច្ច និងបើកផ្ដល់របបគោលនយោបាយ ជូនដល់ជនពិការក្រីក្រនៅតាមសហគមន៍ ក្នុងស្រុកខ្សាច់កណ្ដាលកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល។
មានប្រសាសន៍ក្នុងពិធីចែកប័ណ្ណរបបគោលនយោបាយ ជូនបងប្អូនជនពិការក្រីក្រ ឯកឧត្ដម ញ៉ឹក វណ្ណារ៉ា ថាបងប្អូនពិការត្រូវអស់សង្ឃឹមឡើយ ព្រោះរាជរដ្ឋាភិបាលក្រោមការដឹកនាំ ដោយសម្ដេចតេជោ បានកំណត់អនុក្រឹត្យមួយ ស្តីពីការរើសបងប្អូនជនពិការឲ្យចូលធ្វើការងារនៅក្នុងស្ថាប័នរដ្ឋ ចំនួន២% និងស្ថាប័នឯកជនចំនួន ១% ទៅតាមមុខជំនាញដែលបងប្អូនអាចធ្វើបាន ដូច្នេះបងប្អូនជាយុវជនដែលពិការ ត្រូវខិតខំរៀនសូត្រដើម្បីឲ្យមានសមត្ថភាព ក្នុងការបម្រើការងារក្នុងស្ថាប័នរដ្ឋក៏ដូចឯកជននានាផងដែរ។ ឯកឧត្តមក៍បានឱ្យដឹងដែរថា ជនពិការដែលត្រូវមកទទួលប័ណ្ណសង្គមកិច្ច និងបើកផ្ដល់របបគោលនយោបាយ នៅក្នុងស្រុកខ្សាច់កណ្ដាល មានចំនួន១០៩២នាក់ ក្នុងនោះជនពិការធ្ងន់ធ្ងរចំនួន៦០២នាក់ ត្រូវទទួលរបប២ម៉ឺនរៀលក្នុង១ខែ រយៈពេល១២ខែស្មើនឹង២៤ម៉ឺនរៀល។ ជនពិការកំរិតមធ្យមមានចំនួន៤៩០នាក់ ត្រូវទទួលរបប២ម៉ឺនរៀល ក្នុង១ខែរយៈពេល៦ខែ ស្មើនឹង១២ម៉ឺនរៀល។ ឯកឧត្តមបន្តថា ការចែកប័ណ្ណរបបគោលនយោបាយនេះ គឺចែកសម្រាប់តែបងប្អូនដែលជាជនពិការ ហើយក្រីក្រទៀត ចំពោះការកំណត់អត្តសញ្ញាណរបស់បងប្អូនជនពិការ និងក្រីក្រ គឺយើងបានបែងចែកជាច្រើនដំណាក់កាល ដោយមានការបែងចែកនូវកម្រិត១ កម្រិត២ កម្រិត៣ ដែលបានចែកដោយមន្ត្រីជំនាញរបស់អន្តរក្រសួង។ ឯកឧត្តមបានស្នើឱ្យអាជ្ញាធរខេត្ត ត្រូវសហការជាមួយ មន្ទីរផែនការណ៍ ក្នុងការកំណត់អត្តសញ្ញាណជនពិការក្រីក្រ នៅតាមសហគមន៍ សហការជាមួយមន្ទីរស្ថាប័នដៃគូអភិវឌ្ឍន៍និងអង្គការនៅក្នុងសហគមន៍ធ្វើយ៉ាងណាចងក្រងជាប្រព័ន្ធព័ត៌មាន ដើម្បីងាយស្រួលសម្រាប់ជនពិការទូទៅជាពិសេសពីការក្រីក្រ។ ត្រូវសហការជាមួយមន្ទីរសុខាភិបាលក្នុងការកំណត់នូវលក្ខណៈនៃការវិនិច្ឆ័យប្រភេទ និងកម្រិតពិការភាពជូនដល់ជនពិការដែលត្រូវបញ្ជាក់ ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗ ត្រូវបន្តជំរុញមន្ទីរស្ថាប័នផ្នែកឯកជនឲ្យទទួលជនពិការចូលបម្រើការងារ ទៅតាមអត្រាកំណត់របស់រដ្ឋ២% តាមស្ថាប័នរដ្ឋ និង១% នៅតាមស្ថាប័នឯកជន រដ្ឋបាលសិទ្ធិពិការខេត្តកណ្ដាលត្រូវធ្វើអធិការកិច្ចវិស័យពិការភាពចំពោះស្ថាប័នរដ្ឋ និងវិស័យឯកជនលើអត្រា ទទួលជនពិការឲ្យចូលបម្រើការងារ ដោយអនុលោមទៅតាមច្បាប់លិខិតបទដ្ឋានគតិយុត្ដនានាដែលបានកំណត់ និងកំពុងអនុវត្ត ដោយរដ្ឋាភិបាល៕