ខេត្តព្រះវិហារ៖ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុន សំអឿន សុវណ្ណ របស់មេឈ្មួញ ឌី ឌុក និងក្រុមហ៊ុនអង្គរប្លាយវូដ នៅតែបន្តសកម្មភាពកាប់ឈើ ដឹកជញ្ជូនឈើចេញពីព្រៃព្រះរកា យ៉ាងគឃ្លើនហើយថែមទាំងបង្កើតទីតាំងប្រមូលទិញឈើនៅខាងក្រៅជាប់ព្រៃព្រះរកាទៀងផង។ ចំណែកលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចជាលោក អ៊ា សុខា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ រក្សាភាពស្ងៀមស្ងាត់ទុកឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ របស់ឧកញ៉ា ឌី ឌុក បន្តសកម្មភាពបំផ្លាញព្រៃព្រះរកា យ៉ាងមហន្តរាយ។ ហេតុនេះហើយទើបមជ្ឈដ្ឋាននានាអំពាវនាវឲ្យប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការទប់ស្កាត់សកម្មភាពបំផ្លាញព្រៃឈើពីសំណាក់ក្រុមហ៊ុន សំអឿន សុវណ្ណ របស់មេឈ្មួញ ឌី ឌុក ជាបន្ទាន់។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា ក្រុមហ៊ុន សំអឿន សុវណ្ណ ធ្វើសកម្មភាពបំផ្លាញព្រៃឈើនៅក្នុងតំបន់ព្រៃព្រៃព្រះរកា ច្រើនឆ្នាំមកហើយ និងមានបង្កើតរោងអារឈើទ្រង់ទ្រាយធំនៅក្បែរតំបន់ព្រៃព្រះរកា ទៀតផង។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានកត់សម្គាល់ថា តាំងពីជំនាន់លោក អ៊ុន ចាន់ដា នៅធ្វើជាអភិបាលខេត្តព្រះវិហារ រហូតដល់ពេលលោក ប្រាក់ សុវណ្ណ កាន់តំណែងជាអភិបាលខេត្តព្រះវិហារ នាពេលបច្ចុប្បន្នគឺមេឈ្មួញ ឌី ឌុក ម្ចាស់ក្រុមហ៊ុន សំអឿន សុវណ្ណ បន្តសកម្មភាពបំផ្លាញព្រៃព្រះរកាយ៉ាងពេញបន្ទុកដដែល។ ទន្ទឹមនឹងនេះក្រុមហ៊ុនរបស់មេឈ្មួញ ឌី ឌុក បានលក់ឈើមួយផ្នែកឲ្យក្រុមហ៊ុនអង្គរប្លាយវូដ និងក្រុមហ៊ុនស៊ីងបាយអូថេក ដើម្បីឲ្យក្រុមហ៊ុនទាំង២នេះដឹកជញ្ជូនចេញទៅក្រៅប្រទេសទៀតផង។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានឲ្យដឹងថា ព្រៃព្រះរកាក្នុងមូលដ្ឋានពួកគាត់កំពុងរងការបំផ្លាញយ៉ាងពេញបន្ទុក ហើយសូម្បីតែដើមច្បោះជ័រធំៗដែលជាមុខរបរប្រពៃណីរបស់ជនជាតិដើមភាគតិចកួយ ក្នុងតំបន់នេះក៏រងការកាប់រំលំអារច្រៀកដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងរលូនដែរ។ ប្រជាសហគមន៍ការពារព្រៃឈើក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ បានឲ្យដឹងថា ក្រុមហ៊ុន សំអឿន សុវណ្ណ របស់មេឈ្មួញ ឌី ឌុក មិនត្រឹមតែបំផ្លាញព្រៃព្រះរកា ក្នុងស្រុកត្បែងមានជ័យទេ គឺព្រៃព្រះរកា ក្នុងស្រុកជាំក្សាន្ត និងស្រុកឆែប ក៏រងការបំផ្លាញយ៉ាងមហន្តរាយដែរ ព្រោះមានការឃុបឃិតពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ចំណែកលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្សាភាពស្ងៀមស្ងាត់ ៕
ថ្ងៃទី 05 11 2019 ។