ព័ត៌មានជាតិ

ប្រធានាធិបតីហុងគ្រី និងភរិយា ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបំពាក់កម្រងផ្កានៅវិមានឯករាជ្យ

ភ្នំពេញ៖ បន្ទាប់ពីចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ នៅព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានបន្តចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ និងបំពាក់កម្រងផ្កានៅវិមានឯករាជ្យ។ ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានអញ្ជើញមកដល់កម្ពុជាហើយ នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។

តាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានាធិបតី នឹងទទួលការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ចំពោះលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ លោកប្រធានាធិបតីហុងគ្រី នឹងមានជំនួបពិភាក្សាការងារជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលនៅក្នុងជំនួបនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួមនឹងត្រូវបានលើកយកមកពិភាក្សា។ ក្រៅពីនេះលោកប្រធានាធិបតី និងភរិយា នឹងអញ្ជើញទៅទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួន នៅក្នុងខេត្តសៀមរាប។

ក្រសួងការបរទេស បានបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងមកកាន់កម្ពុជារបស់លោក យ៉ាណូស អាឌ័រ មកកាន់កម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាពនិងជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កាលពីអំឡុងទស្សនកិច្ចនៅប្រទេសហុងគ្រី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីហុងគ្រី Janos Ader ផងដែរ។ ក្នុងជំនួបនោះ លោក ហ៊ុន សែន បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហុងគ្រី។ លោក បានថ្លែងអំណរគុណដល់ប្រធានាធិបតីហុងគ្រី ហើយរង់ចាំទទួលស្វាគមន៍លោកប្រធានាធិបតីប្រកបដោយភាពកក់ក្តៅ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *