ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាការងារស្តីពីការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាការងារស្តីពីការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ក្នុងអំឡុងពេលនៃការរីករាលដាល នៃជំងឺកូវីដ១៩ ក្រោមអធិបតីភាព ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ជាអគ្គនាយក នៃក្រសួងផែនការ និង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ជាអគ្គនាយក នៃក្រសួងផែនការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ពីផលប៉ះពាល់ដោយសារកូវីដ១៩ដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ ដោយបានចាត់ឱ្យក្រសួងផែនការ ចុះស្រង់បច្ចុប្បន្នភាពគ្រួសារក្រីក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ គឺអនុវត្តនៅតាមរាជធានី ខេត្ត ហើយយើងក៍ចាប់ផ្តើមអនុវត្តនៅខេត្តកណ្ដាលមុនគេ ម្យ៉ាងទៀតត្រូវផ្សព្វផ្សាយដល់រដ្ឋបាលរាជធានី ខេត្តដើម្បីចុះស្រង់ស្ថិតិគ្រួសារក្រីក្រឱ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងមានការសាទរពីប្រជាពលរដ្ឋ។ ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដើម្បីលើកកម្ពស់គុណភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ យោងតាមទិន្នន័យឆ្នាំ២០១៧ កម្ពុជាមានគ្រួសារក្រីក្រចំនួន ៥៤ម៉ឺននាក់ ប្រសិនបើរកឃើញគ្រួសារណាដែលមានជីវភាពប្រសើរត្រូវដកចេញ និងបញ្ចូលគ្រួសារក្រីក្រ ដែលក្រុមការងារចុះស្រង់ស្ថិតិ សម្ភាសន៍ជាក់ស្តែងនៅតាមមូលដ្ឋាន និងការវាយតម្លៃពីអាជ្ញាធរភូមិ ឃុំ សង្កាត់ ដោយមិនត្រូវយកគ្រួសារនិយមនោះទេ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំដល់អាជ្ញាធរក្រុងស្រុក ឱ្យធ្វើការផ្សាព្វផ្សាយដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ស្តីពីការចុះស្រង់ស្ថិតិសម្ភាសន៍ជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់នឹងជំងឺកូវីដ១៩ ដោយធ្វើឱ្យបានលឿន និងមានប្រសិទ្ធភាព ដើម្បីចុះធ្វើសម្រង់គ្រួសារក្រីក្រពិតប្រាកដ ព្រោះអាជ្ញាធរភូមិ ឬសមាជិកភូមិ ឃុំសង្កាត់ ពួកគាត់ដឹងពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់គាត់ ហើយត្រូវរាយការណ៍មកឱ្យឃុំសង្កាត់ ក្រុងស្រុក បានទាន់ពេលវេលា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *