ព័ត៌មានជាតិ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ចំនួន ០១ខ្នង ជូនគ្រួសារពិការខ្វះទីជម្រក

ខេត្តកោះកុង៖ កាលពីរសៀលថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងសហការី សហការជាមួយអនុសាខាក្រុងខេមរភូមិន្ទ អាជ្ញាធរ មូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ចំនួន ០១ខ្នង (ផ្ទះទី០៣ ) ដែលផ្ដួចផ្ដើមដោយឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយស សាខា ជូនគ្រួសារពិការ ខ្វះទីជម្រកឈ្មោះ សាន សុភាព ភេទប្រុស អាយុ៥១ រស់នៅជាមួយប្រពន្ធ ស្ថិតនៅភូមិ៤ សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្ទះ០១ខ្នងនេះមានទំហំ ៤ម៉ែត្រx៨ម៉ែត្រ ធ្វើពីដែក ប្រក់ស័ង្កសីភ្លីធំ កម្ពស់៥ម៉ែត្រ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ។ លោកជំទាវប្រធាន ក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ និងសូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នចំពោះភ្លើងផ្សែង ត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ លោកជំទាវក៏បានផ្តាំផ្ញើដល់ ដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។

អំណោយមនុស្សធម៌ដែលសាខាឧបត្ថម្ភបន្ថែម ទទួលបាន៖ -មុង១ -ភួយ១ -សារុង១ -ក្រមា១ -កន្ទេល១ -អង្ករ២៥គីឡូក្រាម -មី១កេស -ត្រីខ១យួរ ទឹកត្រី១យួរ ធុងទឹក១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួន ។ដោយឡែក លោកជំទាវប្រធានគណៈកម្មាធិការសាខាបានឧបត្ថម្ភផ្ទាល់មួយចំនួនផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *