ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០នាទីយប់ កម្លាំងប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ នៅក្នុងបរិវេណផ្ទះលេខ២៦៩ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំណែកម្នាក់ទៀតបានរត់គេចខ្លួន ។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ អុំ ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ ក្នុងខ្លួនមានសារធាតុញៀន ។ ជនសរងគ្រោះមានឈ្មោះ មឿន ស្រីនិច ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះលេខ៦៤១១ ផ្លូវ១៩២៨ ភូមិឧញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ម៉ូតូដែលជនសង្ស័យលួច ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-4065 (ប្រគល់ឲ្យជនរងគ្រោះវិញ) ។
ប្រភពបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួន មកលេងផ្ទះប្អូន នៅចំណុចកើតហេតុខាងលើ ដោយបានទុកម៉ូតូនៅក្នុងបរិវេណផ្ទះ ហើយចាក់សោម៉ូតូត្រឹមត្រូវ រួចជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះប្អូន បានមួយសន្ទុះ ជនរងគ្រោះចេញមកមើលម៉ូតូរបស់ខ្លួន មិនឃើញក៏ផ្អើលឆោឡោ រួចនាំគ្នាដើររកឃើញជនសង្ស័យខាងលើ កំពុងបណ្តើរម៉ូតូរបស់ខ្លួន ហើយជនរងគ្រោះបានហៅជនសង្ស័យសួរនាំ ស្របពេលនោះកម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញហេតុការណ៍ ក៏បាននាំខ្លួនជនសង្ស័យយកមកធ្វើការសាសួរ នៅអធិការដ្ឋាននគរបាលសែនសុខ ចំណែកបក្ខពួនជនសង្ស័យ ឈ្មោះ ប៉ុង គេចខ្លួន ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។