ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាបបង្ហាញចំណុចគន្លឹះសំខាន់ៗសម្រាប់ជាគំនិតជូនដល់ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា

ខេត្តសៀមរាប៖ ប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា​ ចំនួន​ ៣២រូប ដឹកនាំដោយកញ្ញា សុគណ សុភ័ក្ត្ររាសី​ បានចូលជួបសម្ដែងការគួរសមជាមួយអាជ្ញាធរខេត្តសៀមរាប ក្នុងបំណងសុំសាកសួរ និងស្នើសុំផ្តល់អនុសាសន៍លើចំណុចសំខាន់ៗពាក់ព័ន្ឋទៅនឹងសក្តានុពល ក៍ដូចជាដំណើរការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ឋរបស់ខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប ដើម្បីប្រមូលជាគំនិតយោបល់សម្រាប់បង្ហាញដល់ក្រុមប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ដែលគ្រោងធ្វើឡើងនៅទីក្រុងតូក្យូប្រទេសជប៉ុន ។

ក្នុងជំនួបនោះតំណាងសមាគមនាវាយុវជនកម្ពុជាបានលើកសំណួរជាច្រើនពាក់ព័ន្ឋទៅនឹង សក្តានុពលព្រមទាំងកត្តារីកចម្រើន និងទិសដៅអភិវឌ្ឍបន្តរបស់ខេត្តសៀមរាប។​ ក្នុងឱកាសនោះឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងពីសក្តានុពល និងភាពវិជ្ជមានទៅលើសកម្មភាពការងារជាច្រើន ដែលអាជ្ញាធរខេត្តបាននឹងកំពុងអនុវត្ត លើការអភិវឌ្ឍ​ និងកែលម្អបណ្តាប្រព័ន្ឋហេដ្ឋរចនាសម្ព័ន្ឋនានានៅទូទាំងខេត្ត សំខាន់ក្នុងក្រុងសៀមរាប ។ ក្នុងកិច្ចសំណេះសំណាលនោះឯកឧត្តមអភិបាលខេត្តបញ្ជាក់ទៀតថា ប្រទេសយើងគឺជាប្រទេសដែលមានសម្បត្តិវប្បធម៌ ដែលមានប្រាង្គប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និង បានក្លាយជាគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ។ ឯកឧត្តមបានបន្តទៀតថា ខេត្តសៀមរាបគឺមានសក្តានុពល ក្នុងវិស័យទេសចរណ៍ និង កសិកម្ម ដែលមានប្រជាពលរដ្ឋប្រមាណ៨២%​ ជាប្រជាកសិករ ។ តែអកុសលនៅដើមរដូវវស្សា ភោគផលដំណាំស្រូវមួយ ចំនួននៅតាមបណ្តាស្រុក ត្រូវបានរងគ្រោះភាពរាំងស្ងួត ហើយរាជរដ្ឋាភិបាលក៏បានផ្តល់នូវស្រូវពូជដល់បងប្អូនប្រជាកសិករ រងគ្រោះទាំងនោះផងដែរ ។ តែក្នុងរយៈពេលជាងមួយអាទិត្យមកនេះ ដោយមានភ្លៀងធ្លាក់រាយប៉ាយ នៅគ្រប់តំបន់ក្នុងភូមិសាស្ត្រខេត្តសៀមរាប បានធ្វើឲ្យដំណាំស្រូវមួយភាគធំ ចាប់ផ្តើមមានការលូតលាស់ល្អផងដែរ ។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានរៀបចំកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៦ ឆ្នាំ២០១៩នេះឡើង ក្នុងន័យជម្រុញឲ្យយុវជននៅក្នុងតំបន់អាស៊ាន និងជប៉ុន មានឱកាសជួបជុំគ្នា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដោយធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងមេរៀនជីវិតល្អៗ សម្រាប់ជាប្រទីប ដល់ការរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនជឿនលឿន។ ម៉្យាងទៀត នេះក៏ជាឱកាសជួបជុំគ្នាដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពជាធ្លុងមួយដ៏រឹងមាំ ដែលជាកម្លាំងបន្តវេនប្រកបដោយសមត្ថភាព និង មានមនសិកាជាតិយ៉ាងជ្រាលជ្រៅដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិទាំងក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើ ដល់ប្អូនៗយុវជនទាំងអស់ ត្រូវពាំនាំ យកនូវវប្បធម៌ប្រទេសជាតិយើង ទៅធ្វើការផ្សព្វផ្សាយដល់បណ្តាប្រទេសដែលបានចូលរួម នៃសមាគមនាវាយុវជនអាស៊ី អាគ្នេយ៍កម្ពុជា សំខាន់អំពីសក្តានុពលទេសចរណ៍នៅខេត្តសៀមរាប ដើមី្បជាការចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាតិយើង ។ ម៉្យាងទៀតក៏សូមឲ្យដំណើរបំពេញទស្សនកិច្ច របស់ប្អូនៗ នៅតាមបណ្តាទេសនានា ក្លាយជាការផ្សព្វផ្សាយវប្បធម៌កម្ពុជា ការពង្រឹងចំណងទាក់ទងជាមួយ ប្រទេសជាមិត្ត ក្នុងនាមជាយុវជន ជាទំពាំងស្នងឫស្សីនាពេលអនាគត ដែលបាន និងកំពុងរួមគ្នាកសាងសុខសន្តិភាព វឌ្ឍនភាពជាតិ-អន្តរជាតិឱ្យកាន់តែរឹងមាំខ្លាំងក្លាឡើងជាបន្តបន្ទាប់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *