ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តសៀមរាប ជួបពិភាក្សាជាមួយប្រតិភូគណៈកម្មការទី២ នៃរដ្ឋសភា

ខេត្តសៀមរាប៖ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និង ឯកឧត្តម លោកជំទាវ ជាអនុប្រធាន លេខាធិការ សមាជិកសមាជិកាគណៈកម្មការទី២ ជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និង មានការចូលរួមពី ឯកឧត្តម ញាណ ឡេង អនុ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម សួន សិទ្ធី អគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិ និង អស់លោក លោកស្រីជាប្រធានមន្ទីរជំនាញពាក់ព័ន្ធវិស័យ ទទួលបន្ទុករបស់គណ:កម្មការទី២នៃរដ្ឋសភា ។

ក្នុងដំណើរចុះបំពេញបេសកកម្មនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប របស់គណៈកម្មការទី២ នៃរដ្ឋសភានេះ ក្នុង គោលបំណងសិក្សាស្វែងយល់ ពីស្ថានភាពភូមិសាស្ត្រ និងប្រមូលព័ត៌មានមួយចំនួន ដែលពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ការប្រមូលចំណូលថវិកាជាតិ ដែលជាវិស័យទទួលបន្ទុករបស់គណៈកម្មការទី២ និង អំពីវឌ្ឍនភាពការងារ ប្រកបដោយប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានា ព្រមទាំងបញ្ហាប្រឈមរបស់ខេត្ត ដើមី្បរួមគ្នារកនូវដំណោះស្រាយ ។

ដើមី្បក្តាប់បាននូវសភាពការណ៍ទូទៅក្នុងខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាព ការងារសំខាន់លើបញ្ហាប្រឈមនានា និង ទិសដៅរបស់ខេត្ត និងស្ថាប័នពាក់ព័ន្ធនឹងការទទួលខុសត្រូវលើវិស័យទាំង៤ របស់ គណៈកម្មការទី២ លើការអនុវត្តតួនាទី ភារកិច្ចក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាពប្រសិទ្ធភាព ។ ក្នុងនោះឯកឧត្តមក៏បានលើកផងដែរ ពីការបង្ខិតសេវាឲ្យកាន់តែនៅជិតនឹងប្រជាពលរដ្ឋ រាជរដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួង ស្ថាប័ននានា បានធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មានសិទ្ធិក្នុងការសម្រេច ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវបានអាជ្ញាធរខេត្ត ធ្វើការប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុកទាំង១២ ដើមី្បធ្វើយ៉ាងណាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានលទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ និង អភិវឌ្ឍន៍នៅថ្នាក់មូលដ្ឋាន ដើមី្បឆ្លើយតបទៅនឹងសេចក្តីត្រូវការនៅមូលដ្ឋាន ។

ឯកឧត្តមក៏បានគូសបញ្ជាក់ដល់ប្រតិភូផងដែរថា ស្របពេលដែលសក្តានុពលទេសចរណ៍ក្នុងខេត្តមានអំណោយផល អាជ្ញាធរខេត្តបានកំពុងជម្រុញ នូវយន្តការមួយចំនួន លើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដែលជាកត្តាចាំបាច់សម្រាប់អភិវឌ្ឍន៍ប្រទេស លើគ្រប់វិស័យ ទោះបីការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ក៏ដោយ ។

ក្នុងនោះដែរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានលើកនូវពីគោលបំណង ក្នុងដំណើរបំពេញ បេសកកម្មនៅខេត្ត សៀមរាប គឺសំដៅសិក្សាស្វែងយល់ ឲ្យកាន់ស៊ីជម្រៅទៅលើបញ្ហាមួយចំនួន លើការអនុវត្តយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដោយផ្តោតទៅលើការ អនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាល ការអនុវត្តច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និង ការគ្រប់គ្រងទ្រព្យសម្បត្តិ របស់ថ្នាក់ក្រោមជាតិ និង ច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២០ សំដៅដល់ការអនុវត្តតួនាទីរបស់ អាជ្ញាធរខេត្ត មន្ទីរ និង អង្គភាពពាក់ព័ន្ធ ក្នុងការកសាង និង អនុវត្តថវិកាថ្នាក់ខេត្ត (ការប្រមូលចំណូលថ្នាក់ក្រោមជាតិ) និង ការអនុវត្តគម្រោងអភិវឌ្ឍន៍ថ្នាក់ក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់របស់ខេត្ត ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ។ ក្នុងនោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានលើកផងដែរ អំពីបញ្ហាចំណូល ចំណាយរបស់ខេត្តប្រចាំឆ្នាំ២០២០ និង ផ្តោតសំខាន់លើវិស័យទេសចរណ៍ ដោយខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ របស់ជាតិ ក្នុងវិស័យទេសចរណ៍ ។

ក្នុងនោះដែរថ្នាក់ដឹកនាំមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាខាពន្ធដារ រតនាគារ សាខាគយនិងរដ្ឋាករ និងសាខាធនាគារ បានធ្វើការបង្ហាញអំពីសកម្មភាពការងារ លទ្ធផលការងារ ដែលពាក់ព័ន្ធ និង ការអនុវត្តកម្មវិធីកំណែទម្រង់ ហិរញ្ញវត្ថុសាធារណៈ និង ការធ្វើប្រតិភូកម្មអំណាចដល់រដ្ឋបាលក្រោមជាតិ ព្រមទាំងយុទ្ធសាស្ត្រ និង ការគ្រប់គ្រងការប្រមូលចំណូល និង បានលើកឡើងអំពីបញ្ហាប្រឈម ព្រមទាំងការអភិវឌ្ឍន៍នូវរាល់ ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត សំខាន់ដោយផ្តោតទៅលើការងារទឹកស្អាត និង ធារាសាស្ត្រផងដែរ ។បន្ទាប់ពីឯកឧត្តមអភិបាលខេត្ត បានលើកនូវបញ្ហាប្រឈម និង លើកសំណូមពរមួយចំនួនរួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏មានចំណាប់អារម្មណ៍ចំពោះ បញ្ហាការប្រើប្រាស់ទឹកក្រោមដីនៅខេត្តសៀមរាប ដែលជាហានិភ័យមួយ សម្រាប់ទៅថ្ងៃខាងមុខ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់គ្រឹះប្រាសាទអង្គរ ដែលជានិមិ្មតរូបជាតិ ។ បញ្ហាទឹកស្អាតគឺជាកត្តា ចាំបាច់បំផុតនាពេលបច្ចុប្បន្ន ដែលជាចំណោទបញ្ហាក្នុងការដោះស្រាយជាបន្ទាន់ ដោយអាជ្ញាធរខេត្ត សហការជាមួយអាជ្ញាធរ អប្សរា និង មន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការធានាឲ្យខាងតែបាននូបបរិស្ថានទឹកក្រោមដី ក្នុងការទ្រទ្រង់គ្រឹះប្រាង្គប្រាសាទ ដែលជាកេរ្តិ៍មរតករបស់ដូនតាយើង ដែលជាសំណង់ស្ថាបត្យកម្មដ៏កំពូលគ្មានពីរលើលោក ដែលជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិទៀតផង ។

ឯកឧត្តមក៏បានលើកផងដែរ អំពីបញ្ហាវីរុសកូរ៉ូណា ដែលបានធ្វើឲ្យប៉ះពាល់វិស័យសេដ្ឋកិច្ចទេសចរណ៍យ៉ាងខ្លាំងនៅលើពិភពលោក ក៏ដូចនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប ។ ឯកឧត្តមបន្តទៀតថា ដំណើរបេសកកម្មសិក្សាស្វែងយល់នេះ គណៈកម្មការយើងបានទទួលនូវ ព័ត៌មានមួយចំនួន អំពីភាពងាយស្រួល និង បញ្ហាប្រឈមរបស់អង្គភាពប្រមូលចំណូល ។ ក្នុងនោះដែរឯកឧត្តមក៏បានផ្តល់នូវ អនុសាសន៍ ការកែលម្អរ និង បទពិសោធន៍ល្អៗ សម្រាប់ជាចក្ខុវិស័យ ដល់អាជ្ញាធរខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ ក្នុងការដឹកនាំខេត្តឲ្យមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *