ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ ព្រឹទ្ធសភាដើម្បីទទួលព័ត៍មានស្តីពីការដោះស្រាយវិវាទទាំងឡាយក្នុងខេត្តកំពត ដឹកនាំដោយ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ។
នៅក្នុងជំនួបខាងលើ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានរាយការណ៍ជូនប្រតិភូ អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពត សម្រេចបានកន្លងមក និងផែនការទិសដៅអនុវត្តបន្ត នូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងនីតិកាលទី៦ នៃរដ្ឋសភាព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា ដែលរដ្ឋបាលខេត្តកំពត បានជួបប្រទះកន្លងមក និងកំពុងបានខិតខំជំរុញការអភិវឌ្ឍជាប្រចាំ។
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានប្រតិភូ បានឲ្យដឹងថា គណៈកម្មការចុះមកបំពេញបេសកកម្ម ក្នុងខេត្តកំពតពេលនេះ គឺក្នុងគោលបំណង ទទួលព័ត៍មានអំពីលទ្ធផលនៃការដោះស្រាយវិវាទទាំងឡាយនៅការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ទូទាំងខេត្ត និងដំណើរការដោះស្រាយទំនាស់ដីធ្លីរបស់គណៈកម្មការសុរិយោដី ដែលបញ្ជូនមកខេត្ត សំណូមពរធ្វើវិសោធនកម្មច្បាប់ ឬ បំពេញបន្ថែមក្នុងច្បាប់ដោយឡែក ដែលជាសមត្ថកិច្ចរបស់ខ្លួនត្រូវបំពេញ និងការងារផ្សព្វផ្សាយច្បាប់នៅក្នុងខេត្តខ្លួនអំពីការលំបាក និងការងាយស្រួល។
ឯកឧត្តម ប្រធានគណៈប្រតិភូ ក៏បានសំណូមពរផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំខេត្តកំពត គ្រប់លំដាប់ថ្នាក់ បន្តខិតខំចូលរួមជំរុញកិច្ចអភិវឌ្ឍន៍បន្ថែមទៀត ពិសេសការចូលរួមជំរុញការងារប្រតិបត្តិច្បាប់ ឲ្យបានកាន់តែប្រសើរឡើង៕