ភ្នំពេញ៖ និស្សិត ហុង ភារិន បានបញ្ជាក់ថា លោកមានបំណងចូលរួមប្រកួតសមត្ថភាពនៃការចងចាំលំដាប់ថ្នាក់ពិភពលោក ដែលនឹងប្រពឹត្តទៅនៅខែធ្នូខាងមុខនេះ នៅប្រទេសចិនក្នុងគោលបំណងបង្ហាញពីសមត្ថភាពកូនខ្មែរ និងទង់ជាតិខ្មែរ នៅក្នុងការប្រកួតប្រជែងលំដាប់ថ្នាក់ពិភពលោកនេះ។
ការបញ្ជាក់ខាងលើនេះ ធ្វើឡើងក្នុងពេលដែល ហុង ភារិន បានចូលជួបសំណេះសំណាលជាមួយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
សូមជម្រាបថា នាពេលថ្មីៗនេះ និសិ្សតឆ្នើម ហុង ភារិន បានបង្ហាញអំពីសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួននៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ « Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាម និស្សិត ហុង ភារិន ជាអច្ឆរិយកម្ពុជា ភារិន ទៀតផង។
ជាកូនទី២ ក្នុងចំណោមបងប្អូនប្រុស២នាក់ និស្សិតឆ្នើម ហុង ភារិន មានអាយុ២៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ដោយស្ថិតនៅក្នុងគ្រួសារកសិករដែលមានជីវភាពលំបាក ដោយសារឪពុកម្តាយ បានលែងលះគ្នា ភារិន បានខិតខំតស៊ូប្រឹងប្រែងរៀនសូត្ររហូតទទួលបានអាហារូបករណ៍ព្រះរាជទានថ្នាក់បរិញ្ញាបត្រ ប្រចាំសាកលវិទ្យាល័យរ៉ាឆាផាត់ឆៃយ៉ាភូមិ ឯកទេសអភិវឌ្ឍន៍ជនបទ។ ក្តីសុបិន្តរបស់និស្សិតឆ្នើមថ្នាក់បរិញ្ញាបត្រឆ្នាំទី៤រូបនេះ គឺចង់យកចំណេះដឹងដែលខ្លួនបានខិតខំរៀនសូត្រមកអភិវឌ្ឍប្រទេសជាតិ៕