ស្រុកកៀនស្វាយ៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុក លោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ រួមជាមួយលោក ឯក សុផាត សមាជិកក្រុមប្រឹក្សាស្រុក តំណាងលោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនក្រុមកីឡាករទូក”ង”ទាំង១០ទូក នៅក្នុងស្រុកកៀនស្វាយ ដែលត្រូវទៅចូលរួមអុំប្រណាំងនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ រយះពេល៣(បី)ថ្ងៃ នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសាទរក្នុងព្រះរាជពិធិបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
នាក្នុងឱកាសនេះ លោក ឡូវ សុខសាន អភិបាលស្រុក បានណែនាំ និងផ្តាំផ្ញើរដល់ប្អូនចំណុះទូកទាំងអស់ត្រូវខិតខំប្រឹងប្រែងក្នុងការអុំប្រណាំង ដោយស្មារតីសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នា និងគោរពវិន័យតាមគណៈកម្មការរៀបចំការប្រណាំងទូកខេត្ត ព្រមទាំងត្រូវចូលក្នុងការថែរក្សាបរិស្ថាន និងអនាម័យនៅកន្លែងស្នាក់នៅឱ្យបានល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលស្រុក បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ ព្រមទាំង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជូនដល់បងប្អូនចំណុះទូកទាំងអស់នៅក្នុងស្រុកកៀនស្វាយ ព្រមទាំងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូន នៅក្នុងការអុំប្រណាំងទូក ដោយស្មារតីសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នា និងគោរពវិន័យតាមគណៈកម្មការខេត្ត ព្រមទាំងបានចូលក្នុងការថែរក្សាបរិស្ថាន និងអនាម័យនៅកន្លែងស្នាក់នៅបានល្អប្រសើរកាលពីអុំប្រណាំងនៅក្រុងតាខ្មៅកន្លងទៅ។
ដើម្បីលើកទឹកចិត្តដល់បងប្អូនចំណុះទូកទាំងអស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកល្វាឯម ស្រុកខ្សាច់កណ្ដាល ស្រុកកៀនស្វាយ ស្រុកពញាឮ និងស្រុកមុខកំពូល តាមរយៈឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ ព្រមទាំងរដ្ឋបាលស្រុក បានឧបត្ថម្ភដល់៖
ទូកខ្នាតអន្តរជាតិចំនួន ២ទូក ក្នុងមួយទូកទទួលបាន៖
– អង្ករ ១០០គីឡូក្រាម
– ភេសជ្ជៈ ១៥កេស
– និងទឹកសុទ្ធ ៥០យួរ។
ទូកវែងចំនួន ៨ទូក ក្នុងមួយទូកទទួលបាន៖
– អង្ករ ២០០គីឡូក្រាម
– ភេសជ្ជៈ ៣០កេស
– និងទឹកសុទ្ធ ១០០យួរ។