ស្រុកកៀនស្វាយ៖ នាព្រឹក ថ្ងៃអាទិត្យ ៧កើត ខែកត្តិក ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល និង លោកជំទាវ ថេង ពុទ្ធិតា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ស្ពានឆ្លងចូលពុទ្ធមណ្ឌលកម្ពុជា នៅស្ទឹងអង្គជ័យ ស្ថិតនៅព្រំប្រទល់ឃុំដីឥដ្ឋ និងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្នក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព សេ្ថរភាពគ្រប់ទីកន្លែង និងមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ជាក់ស្តែងសាលាពុទ្ធិកបឋមសិក្សា ត្រូវបានបើកការដ្ឋានត្រូវចាប់ផ្ដើមកសាងនាពេលនេះ គឺត្រូវបានស្ថាបនាឡើងដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់ដែលមិនអាចខ្វះបានរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទ សំដៅជួយលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពអប់រំនៃវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។