<គេហទំព័រ រស្មី នាងពួន/ ទូរស័ព្ទទំនាក់ទំនង>086776080/0979262427http://raksmeyneangpuon.com
កោះកុង ÷ ព្រែកបឹងបួរសមុទ្រ ជាកម្មសិទ្ធិរបស់រដ្ឋ បច្ចុប្បន្ននៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ថ្មីៗនេះ គេបានសង្កេតឃើញ មានករណីសំណង់រឹងមាំ សាងសង់ជាបន្តបន្ទាប់ នៅលើផ្ទៃសមុទ្រ ទាំងមិនមានច្បាប់អនុញ្ញាត បានធ្វើឲ្យមហាជនចាប់អារម្មណ៍ ទៅលើស្ថាប័នពាក់ព័ន្ធ ដែលមិនមានការទប់ស្កាត់។
ករណីនេះបើតាមប្រជាពលរដ្ឋនៅទីនោះបានឱ្យដឹងថា ផ្ទះសំណាក់ដែលគេសាង សង់រំលោភលើផ្ទៃសមុទ្រ ដែលមិនមាន ច្បាប់អនុញ្ញាត មានចំនួនពីទីតាំងផ្សេងគ្នាទី ១. ដែលមានយីហោ (ផ្ទះសំណាក់ មហាលាភ) ដែលជារបស់លោក ម៉េង ផល្លា (ហៅទីន) ជាប្រធានការិយាល័យប្រជាពលរដ្ឋស្រុកគិរីសាគរ ទីតាំងទី២ មានយីហោ(ផ្ទះសំណាក់តាំងកេ) របស់លោក តាំង កេ ជាប្រធានសហ គមន៍ឃុំកោះស្ដេច ។ ហើយថ្មីៗនេះ ក៏មានសំណង់ជាច្រើនទៀតបានកំពុងធ្វើ ការសាងសង់ ដែលមិនមានច្បាប់អនុញ្ញាត ក៏មិនដែលឃើញមន្ត្រីពាក់ព័ន្ធណាមួយចុះមកហាមឃាត់នោះដែរ។ ទី១.ឈ្មោះទូច ជាអ្នករត់បបរនៅទីនោះ។ ទី២.ឈ្មោះគ្រូភ័ណ្ឌ ជាមន្ត្រីសាលាស្រុករីសាគរ។
ចំណុចនេះ! ពលរដ្ឋលើកឡើងថា បើមិនមានការទប់ស្កាត់ ឬបង្ក្រាប ពីអាជ្ញាធរពាក់ព័ន្ធ ទៅលើសំណង់អនាធិបតេយ្យសាងសង់នៅលើផ្ទៃសមុទ្រនោះទេ ពិតជារីករាលដាលកាន់តែច្រើនទៅៗហើយ។ ពីព្រោះគេមើលឃើញថា អ្នកដែលសាង សង់លើផ្ទៃសមុទ្របាន ក្រៅពីអ្នកនោះទៀត គេក៏អាចសាងសង់បានដូចគ្នា។ ហើយអ្នកដែលអាចសាងសង់សំណង់រឹងមាំនៅលើផ្ទៃសមុទ្របាននេះ គឺមិនមែនប្រជាពលរដ្ឋ ដែលជាអ្នកជីវភាពទន់ខ្សោយនោះដែរ ។
ជុំវិញការលើកឡើងខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើង បានព្យាយាមទំនាក់ទំនងទៅលោក សាយ ហេន មេឃុំកោះស្ដេច ដើម្បីសុំការបំភ្លឺ លោកទទួលទូរសព្ទថាស្ដាប់មិនបាន រួចក៏បិទទូរសព្ទដើម្បីឲ្យអស់ចំងល់ អ្នកសារព័ត៌មានយើងព្យាយាមទំនាក់ទំនងសារជាថ្មី មិនចូលដោយលោកមេឃុំបិទទូរសព្ទ ។ដោយឡែកលោក ចេង មុន្នីរិទ្ធ អភិបាលស្រុកគ្រីសាគរ ខលចូលតែពុំមានអ្នកលើក។ជុំវិញបញ្ហាខាងលើនេះ ក្រុមការងារយើងបានទំនាក់ទំនងសុំការបំភ្លឺពីលោក តាំង កេ ដែលជាម្ចាស់ផ្ទះសំណាក់ យីហោងតាំង កេ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌ មានយើងថា សំណង់របស់លោកមិនមានច្បាប់អនុញ្ញាតទេ តែលោកសុំ បាន ការយោគយល់ ជុំវិញបញ្ហាសំណង់សាងសង់មិនមាន ច្បាប់ខាងលើនេះ បានធ្វើឲ្យប្រជាពលរដ្ឋក្រីក្រដែលរស់នៅម្តុំមាត់ទឹក បានត្អូញត្អែរពីសកម្មភាពសាងសង់សំណង់រឹងមាំ ពីសំណាក់បុគ្គល មានលុយ មានអំណាច ព្រហើនបំពានផ្លូវច្បាប់ដោយសាងសង់សំណង់រឹងមាំរំលោភចូលលើផ្ទៃសមុទ្រទាំងគគ្លើនដោយមិនខ្លាចញញើតអ្វីបន្តិចឡើយ ។ចំណែក ម៉េង ផល្លា (ហៅទីន) ម្ចាស់ផ្ទះសំណាក់មហាលាភ នឹងលោក ទូច ដែលជាម្ចាស់សំណង់ខុសច្បាប់ខាងលើ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន តាមទូរសព្ទដូចៗគ្នាថា សំណង់របស់លោកមិនមានច្បាប់អនុញ្ញាតនោះទេ តែដោយលោកឃើញគេធ្វើបានលោកក៏ធ្វើដែរទៅ។
ពលរដ្ឋបានបន្តទៀតថា ចំពោះពលរដ្ឋក្រីក្រដូចពួកគាត់ បើទោះបីជាចង់ជួសជុលលំនៅដ្ឋានក្នុងទឹករបស់ខ្លួន ដែលមានសភាពទ្រុឌទ្រោមអោយរឹងមាំបន្តិច ក៏អាជ្ញាធរមិនអនុញ្ញាតនោះដែរ ដោយអាជ្ញាធរបានបញ្ជាក់ថា ច្បាប់មិនអនុញ្ញាតអោយសាងសង់សំណង់បែបរឹងមាំនៅលើផ្ទៃសមុទ្របានទេ តែជាក់ ស្តែងមួយរយះពេលនេះ មានបុគ្គល ឈ្មោះ តាំង កេ និងបុគ្គលឈ្មោះ ម៉េង ផល្លា ត្រឡប់ជាអាចសាងសង់ផ្ទះ សំណាក់សំណង់រឹងមាំនៅលើផ្ទៃសមុទ្របានរហូតដល់២ទីតាំងផ្សេងគ្នា ជាបន្ត បន្ទាប់ ដោយមិនឃើញអាជ្ញាធរ និងជំនាញពាក់ព័ន្ធណាម្នាក់ចុះមកធ្វើការហាមឃាត់នោះឡើយ ៕
អង្គភាពអ្នកសារព័ត៌មាន យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល បណ្ដាញសារព័ត៌មានយើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។