ព័ត៌មានជាតិ

ពិធីរាប់បាត្រវេទាន និងទេយ្យទានប្រចាំព្រះវស្សាដល់ព្រះសង្ឃ និងឆ្លងអាស្រមលោកតាគង់ យាយដើង ស្ថិតនៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃចន្ទ៥កើត ខែស្រាពណ៍ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកជំទាវ ឈុន ណារី បានអញ្ជើញចូលរួមពិធីរាប់បាត្រវេទាន និងទេយ្យទានប្រចាំព្រះវស្សាដល់ព្រះសង្ឃ និងឆ្លងអាស្រមលោកតាគង់ យាយដើង ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវតំណាងរាស្ត្រមណ្ឌលស្វាយរៀង ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងលោក អភិបាល អភិបាលរងក្រុង លោកលោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានា និងមន្ត្រីរាជការក្នុងខេត្តជាច្រើនរូបទៀត

មានប្រសាសន៍ផ្តាំផ្ញើរក្រោយចប់ពិធីសាសនា លោកជំទាវកិត្តិសង្គហបណ្ឌិត បានណែនាំដល់ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ត្រូវចងក្រងជាឯកសារអំពីទួលបូរាណ នៅក្នុងខេត្តស្វាយរៀង ដែលមានបារមីសក្ក័សិទ្ធដើម្បីឲ្យពលរដ្ឋបានដឹងនិងធ្វើពិធីសាសនា បុណ្យទានផ្សេងៗ បានរំលឹកគុណបារមីទួលសក្ក័សិទ្ធទាំងនោះឲ្យមកជួយបីបាច់ថែរក្សាប្រជាពលរដ្ឋឲ្យមានសេចក្តីសុខ និងសេចក្តីចម្រើន បញ្ចៀសគ្រោះកាចផ្សេងៗ ដែលកើតឡើងជាយថាហេតុ។

លោកជំទាវបន្តថា គោលដៅរបស់យើងដែលធ្វើពិធីនៅថ្ងៃនេះគឺជិតដល់រដូវភ្ជុំបិណ្ឌ និងមានពិធីបុណ្យផ្សេងៗទៀត ដែលត្រូវតែនឹកដល់គុណបារមី វត្ថុសក្ក័សិទ្ធ ទួលសក្ក័សិទ្ធនៅក្នុងខេត្តស្វាយរៀង ព្រោះប្រទេសកម្ពុជារបស់យើងបានចាត់ទុកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ដើម្បីប្រោះព្រំសុំសេចក្តីសុខសេចក្តីចំរើន ជាពិសេសបញ្ចៀសគ្រោះថ្នាក់ធម្មជាតិ មានខ្យល់កន្ត្រាក់ រន្ទះបាញ់ និងភ្លើងឆេះផ្ទះ​ជាដើម។

ម្យ៉ាងទៀត ប្រទេសកម្ពុជាយើងមានសុខសន្តិភាពហើយ ដូច្នេះយើងទាំងអស់គ្នា ត្រូវចេះថែរក្សាសន្តិភាពនេះឲ្យបានល្អ ព្រោះអ្នកវិនិយោគត្រៀមមកវិនិយោគនៅខេត្តយើងជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះ បើពលរដ្ឋពិសេសកម្មករកម្មការិនី ចេះតែជួបគ្រោះចរាចរណ៍ នាំឲ្យរបួស ពិការតើត្រូវរកកម្លាំងពលកម្មមកពីណា? ដូច្នេះសមត្ថកិច្ចដែលពាក់ពន្ធ័ទាំងអស់ត្រូវតែអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍បញ្ជ្រាបដល់កម្មករ និងអ្នកបើកបរដឹកកម្មករនិងអ្នកបើកបររថយន្តគ្រប់ប្រភេទឲ្យគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ហើយព្រះសង្ឃក៏មានភារកិច្ចចូលរួមចំណែកអប់រំកូនៗឲ្យចេះគោរពប្រតិបត្តិមាតាបិតានិងណែនាំពលរដ្ឋថែរក្សាសុខភាពព្រមទាំងចូលរួមជាមួយសង្គមឲ្យបានច្រើនផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *