(ខេត្តកណ្តាល)៖ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល បានបើកប្រជុំពិនិត្យការងារត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាមួយតំណាងអង្គភាព ប្រឆាំងអំពើពុករលួយ សម្រាប់ភ្នាក់ងារសង្កេតការណ៍ការប្រឡងសញ្ញាបតមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញបទប្បញ្ញត្តិ សេចក្តីណែនាំផ្សេងៗ ស្ដីពីការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះដែរ ដែលលិខិតបទដ្ឋានទាំងនោះហើយ បានកំណត់ពីវិន័យមួយចំនួនសម្រាប់មណ្ឌលប្រឡង មណ្ឌលកំណែ មណ្ឌលស្រង់បូកពិន្ទុ និងប្រកាសលទ្ធផល«។
ខេត្តកណ្តាល មានមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ១៩ មណ្ឌល ស្ថិតនៅក្រុង ស្រុក ចំនួន៣ គឺ៖
១. ក្រុងតាខ្មៅ មានចំនួន ១៣មណ្ឌល សម្រាប់បេក្ខជនមកពី ក្រុងតាខ្មៅ ,ស្រុកកៀនស្វាយ ស្រុកល្វាឯម,ស្រុកលើកដែក,ស្រុកមុខកំពូល,ស្រុកខ្សាច់កណ្ដាល,ស្រុកពញាឮ និងស្រុកអង្គស្នួល។
២. ស្រុកស្អាង មានចំនួន ៤មណ្ឌល សម្រាប់បេក្ខជនមកពី ស្រុកស្អាង និងស្រុកកោះធំ។
៣. ស្រុកកណ្តាលស្ទឹង មានចំនួន ២មណ្ឌល សម្រាប់បេក្ខជនមកពី ស្រុកកណ្តាលស្ទឹង និង
ស្រុកអង្គស្នួល៕