ប្រភពពីមន្ត្រីរាជការក្នុងមន្ត្រីសាធារណការខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា ទោះបីរឿងអាស្រូវពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ស្រុកស្នួលខេត្តក្រចេះ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ សូម្បីតែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញបន្ទុករបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ នៅឡើយទេ។ ដូច្នេះហើយទើបលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត ព្រោះមានការឃុបឃិតបើកដៃពីសំណាក់លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដែលកំពុងល្បីល្បាញខាងពុករលួយផងដែរ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួលខេត្តក្រចេះ បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ភាគច្រើនដឹកជញ្ជូនតាមរថយន្តធុនធំផ្ទុកលើសទម្ងន់ ហើយអាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ដោយមិនបាច់ចូលថ្លឹងឲ្យនបានត្រឹមត្រូវតាមការកំណត់ឡើយ។ ប្រភពបានឲ្យដឹងទៀតថា ម្ចាស់រថយន្តដឹកជញ្ជូនទំនិញទាំងនោះគ្រាន់តែឈប់បង់លុយឲ្យលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកតាមការកំណត់គឺអាចបន្តដំណើរទៅមុខយ៉ាងរលូន។ ជាងនេះទៅទៀតក្រុមអាជីវករនិងប្រជាពលរដ្ឋដែលដឹកជញ្ជូនកសិផល ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយថ្លៃបាយទឹកតាមការកំណត់របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកមិនអាចតវ៉ាបានឡើយ។
មន្ត្រីនៅក្នុងមន្ទីរសាធារណការខេត្តក្រចេះ មួយចំនួនបានលើកឡើងថា ទំនងជាអំពើពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ជាប្រភពចំណូលដ៏សំខាន់របស់លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ផងដែរទើបលោក សេង ឈួន បណ្តោយឲ្យលោក នូ សុវណ្ណា ធ្វើអ្វីៗតាមអំពើចិត្ត។ ជាងនេះទៅទៀតលោក នូ សុវណ្ណា តែងប្រើឈ្មោះលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ ដើម្បីការពារទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនមិនខ្វល់ពីការរិះគន់អ្វីឡើយ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងលោក សាំង ប៊ុនថេន ជាបន្ទាន់ព្រោះរឿងអាស្រូវពុករលួយរបស់មន្ត្រីទាំង២រូបនេះត្រូវបានបើកកកាយជាបន្តបន្ទាប់។
ក្រុមការងារអ្នកសារព័ត៌មានយើង
www.raksmeyneangpuon.com
រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕
ទូរសព្ទទំនាក់ទំនង . 086776080.0979262427