ភ្នំពេញ,, នៅយប់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២ ផេកផ្លូវការរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការប្រកាសស្វែងរកម្ចាស់ម៉ូតូ ០២គ្រឿង ដែលសង្ស័យថាជាម៉ូតូពាក់ព័ន្ធករណីចោរកម្ម ត្រូវគេយកមកប្លុងទុកចោល នៅចំណុចភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីបានប្រកាសស្វែងរកម្ចាស់ម៉ូតូចំនួន០២គ្រឿងនេះ បានមួយយប់មក នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ថ្ងៃនេះ ម៉ូតូ០១គ្រឿងម៉ាក YAMAHA MX KING ផ្លាកលេខភ្នំពេញ 1IJ-4161 ពណ៌ខៀវ ផលិតឆ្នាំ២០២០ ត្រូវបានយុវជនម្នាក់ ឈ្មោះ ផាន ផាន់ណា អាយុ២៥ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌបឹងកេងកង បានយកឯកសារមកបង្ហាញដល់សមត្ថកិច្ចអាវុធហត្ថបញ្ជាក់ថាជាម្ចាស់ម៉ូតូពិតប្រាកដ ដែលម៉ូតូមួយនេះ ម្ចាស់ម៉ូតូបញ្ជាក់ថា ត្រូវបានក្រុមជនសង្ស័យ ប្រដាប់ដោយដាវ និងកាំបិត បានធ្វើសកម្មភាពកាប់ប្លន់មកលើរួបខ្លួន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចម្ដុំគំនរសំរាម ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ហើយខ្លួនមិនបានប្តឹងសមត្ថកិច្ច អាវុធហត្ថ ឲ្យបានដឹងពីព័ត៌មានស្តីពីការកាប់ប្លន់នេះទេ តែបែរជាបានឃើញអាវុធហត្ថយកម៉ូតូរបស់ខ្លួន ដែលចោរបានប្លន់ទៅ ហើយនោះ មកប្រកាសស្វែងរកម្ចាស់នៅលើផេកកងរាជអាវុធហត្ថ ដែលធ្វើឲ្យខ្លួនមានការភ្ញាក់ផ្អើលនិងរំភើបបំផុត មិននឹកស្មានថា នឹងអាចរកម៉ូតូរបស់ខ្លួនឃើញមកវិញឡើយ៕