(ខេត្តកំពង់ធំ) ប្រជានេសាទក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ បានឲ្យដឹងថា លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ និងមន្ត្រីក្រោមឱវាទ គ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសនេសាទប្រកបដោយប្រសិទ្ធភាពនោះឡើយ។ ជាក់ស្ដែងការបង្ក្រាបបទល្មើសនេសាទមួយរយៈកន្លងទៅនេះ គឺសមត្ថកិច្ចចម្រុះបានកម្ទេចចោលឧបករណ៍ខុសច្បាប់យ៉ាងច្រើន ប៉ុន្តែអ្នកប្រព្រឹត្តបទល្មើសមិនប្រឈមនឹងវិធានការផ្លូវច្បាប់នោះទេ។ ហេតុនេះហើយទើបប្រជាពលរដ្ឋគ្មានជំនឿលើសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ព្រោះបច្ចុប្បន្នបទល្មើសនៅតែកើតឡើយពេញទំហឹង។
ប្រជានេសាទនៅតំបន់បឹងទន្លេសាប ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា រយៈពេលប្រមាណ១ខែកន្លងទៅនេះ សមត្ថកិច្ចចម្រុះបានចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងមូលដ្ឋានពួកគាត់ជាបន្តបន្ទាប់ហើយកម្ទេចចោលឧបករណ៍ខុសច្បាប់យ៉ាងច្រើនផងដែរ។ ក៏ប៉ុន្តែជាក់ស្ដែងបទល្មើសនេសាទប្រើឧបករណ៏ខុសច្បាប់នៅតែកើតឡើងយ៉ាងពេញបន្ទុក គឺក្រោយពេលសមត្ថកិច្ចចម្រុះដឹកចេញផុត បទល្មើសកើតឡើងវិញដដែល។ ប្រការនេះបានធ្វើឲ្យវិធានការបង្ក្រាបបទល្មើសនេសាទរបស់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ទទួលបានផលតិចតួចបំផុត។
ប្រជានេសាទបានអំពាវនាវឲ្យលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏ដូចជាលោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្មចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ជាបន្ទាន់។ ដោយហេតុថា ការបង្ក្រាបបទល្មើសនេសាទពីសំណាក់សមត្ថកិច្ចចម្រុះមួយរយៈកន្លងទៅនេះ មិនទាន់មានប្រសិទ្ធភាពនោះទេ ព្រោះអ្នកប្រព្រឹត្តបទល្មើសនៅតែអាចគេចផុតពីវិធានការផ្លូវច្បាប់យ៉ាងសុខស្រួល។ ជាពិសេសវិធានការបង្ក្រាបបទល្មើសនេសាទរបស់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ហាក់ដូចជានៅមានកម្រិតនៅឡើយ ទើបបទល្មើសនេសាទនៅចំណុចព្រែកដៃខ្លា និងតំបន់ផ្សេងៗទៀតក្នុងឃុំផាត់សណ្ដាយ នៅតែកើតឡើងពេញបន្ទុក។