(ខេត្តក្រចេះ)៖ថ្មីៗនេះរថយន្តសាំយ៉ុងដឹកជញ្ជូនឈើខុសច្បាប់របស់មេឈ្មួញចាស់វស្សា ឈ្មោះចែមុំ បានដឹកជញ្ជូនឈើខុសច្បាប់តាមរថយន្តសាំយ៉ុងពីខេត្តក្រចេះឆ្ពោះទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប៉ុន្តែគ្មានមន្រ្តីជំនាញឬសមត្ថកិច្ចណាហ៊ានទៅក្បែររថយន្តដឹកឈើរបស់មេឈ្មួញចាស់វស្សាឈ្មោះ ចែមុំ នោះឡើយ។ ប្រភពស្និទ្ធនឹងមេឈ្មួញចាស់វស្សាឈ្មោះ ចែមុំ បានបង្ហើបឲ្យដឹងថា ឈ្មួញឈ្មោះ ចែមុំ មានខ្នងបង្អែកក្រាស់ ហើយចេះបែងចែកផលប្រយោជន៍ដល់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះ ក៏ដូចជាមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ជាប្រចាំទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ បញ្ហានេះគឺជារឿងដែលលោក វ៉ា ថន អភិបាលខេត្តក្រចេះ ក៏ដូចជាលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះចែមុំ ល្បីខាងដឹកជញ្ជូនឈើខុសច្បាប់ច្រើនឆ្នាំមកហើយ។
មន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា ឈ្មួញឈ្មោះ ចែមុំ ដែលល្បីល្បាញខាងធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តក្រចេះ ចូលខេត្តត្បូងឃ្មុំ ជាច្រើនឆ្នាំមកហើយនោះ បច្ចុប្បន្ននៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់តាមអំពើចិត្តរបស់ខ្លួនដដែល។ បែរជាមន្រ្តីជំនាញ និងសមត្ថកិច្ចក្នុងខេត្តក្រចេះ ក៏ដូចជាមន្រ្តីជំនាញ និងសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ចែមុំ នោះទេដោយសារឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ។ សូម្បីតែលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ទោះបីត្រូវប្រឈមនឹងការរិះគន់ក៏ដោយ។
ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ចែ មុំ ដដែលបានឲ្យដឹងទៀតថា បើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះគឺឈ្មួញម្នាក់នេះមិនអាចដឹកជញ្ជូនឈើពីខេត្តក្រចេះ ចូលខេត្តត្បូងឃ្មុំ បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។ ប៉ុន្តែដោយសារឈ្មួញឈ្មោះ ចែមុំ មានខ្នងបង្អែកក្រាស់ ហើយជាប្រភពចំណូលរបស់មន្រ្តីធំៗមួយចំនួននៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ទើបមន្រ្តីជំនាញ និងសមត្ថកិច្ចក្នុងខេត្តទាំង2នេះមិនហ៊ានប៉ះពាល់ទាល់តែសោះ។ ជាពិសេសលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ព្រមទាំងលោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បណ្ដោយឲ្យចែមុំ ដឹកជញ្ជូនឈើពីខេត្តក្រចេះ ចូលខេត្តត្បូងឃ្មុំ ទាំងថ្ងៃទាំងយប់តាមអំពើចិត្ត៕