ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារក្រុមទីមួយ ប្រមូលសំរាមនៅមុខភូមិគ្រឹះសម្តេចតេជោ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្មវិធីសម្អាតទីក្រុងព្រះសីហនុរបស់យើងនាពេលនេះ មានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកស្មគ្រ័ចិត្ត ក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋ ចូលរួមកម្មវិធីសម្អាតក្រុងរបស់យើង ។
ឯកឧត្តមបញ្ជាក់ថា សំរាមដែលនៅ សេសសល់ក្នុងខេត្តព្រះសីហនុ ពិតជាមានចំនួនយ៉ាងច្រើន សំរាមកើនឡើងដោយសារតែមនុស្សជាអ្នកប្រើប្រាស់ រយៈពេលកន្លងមក សំរាមពិតជាលើសពីតម្រូវការ នៃការដឹកជញ្ជូនចេញ ធ្វើឲ្យសំរាមនៅសេសសល់ជាបន្តបន្ទាប់ ថ្ងៃនេះយើងបង្កើតជាកម្មវិធីប្រមូលសំរាមចេញពីទីក្រុងព្រះសីហនុ បានបែងចែកជាបួនគោលដៅ មានមនុស្សជិត ៥.០០០នាក់ នឹងគ្រឿងចក្រជិត ២០០គ្រឿង ដើម្បីបើកយុទ្ធនាការប្រមូលសំរាមដែលនៅសេស សល់ ដឹកជញ្ជូនទៅកាន់ទីលានចាក់សំរាម ។ យើងបែងចែកជាបួនគោលដៅ នេះជាគោលដៅទី១ ចុះទៅតាមសង្កាត់នីមួយៗ ខ្ញុំជឿជាក់ថា លោកអភិបាលក្រុង និងប្រធានមន្ទីរបរិស្ថាន បានរៀបចំបែងចែក ទៅតាមគោលដៅគំនរសំរាមនៅក្នុងក្រុងរបស់យើងមានសម្ភារៈ ឧបករណ៍ផ្សេងៗទៀតដើម្បីសម្អាតសំរាមក្រុងព្រះសីហនុ ។ សំរាមមិនមែនជាករណីដែលគួរស្អប់ខ្ពើមនោះទេ តែអ្នកដែល ប្រើប្រាស់ចោលសំរាមតាមដងផ្លូវសាធារណទើបជារឿងដែលយើង ស្អប់ខ្ពើម ។ ថ្ងៃនេះយើងជួបជុំគ្នា ក្នុងគោលដៅប្រមូលសំរាមចេញ ពីទីក្រុងព្រះសីហនុ សូមឱ្យអ្នកប្រើប្រាស់សំរាមទាំងអស់ត្រូវមានការយល់ដឹងឱ្យបានច្បាស់អំពីសំរាម យើងគ្រប់គ្រងសំរាមបាន សំរាមមិនជាបញ្ហានោះទេ ។ បញ្ហាសំរាមកំពុងរីកធំលើសពី សមត្ថភាពក្រុមហ៊ុនដឹកជញ្ជូនចេញ យ៉ាងណាក៏ ដោយយើងរួមគ្នាខិតខំគ្រប់គ្រងសំរាមនេះឱ្យបានច្បាស់លាស់ រៀបចំផែនការឱ្យបានគត់មត់ក្នុងការដឹកជញ្ជូនចេញឱ្យបានទាន់ ពេលវេលា តាមចំនួនសំរាមដែលជញ្ជូនចេញឱ្យងាយស្រល ហើយអ្នកពាក់ព័ន្ធបង្កើតសំរាម សូមចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងទៀងទាត់តាមពេល វេលាកំណត់។ វិធានការសំអាតសំរាម តាមរយៈការអប់រំ ការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ប៉ុន្តែយើងនៅខ្វះយន្តការសហការគ្នា និងការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ប៉ុន្តែសំរាមនូវរាយប៉ាយនៅតាមដងផ្លូវសាធារណៈ មុខគេហដ្ឋានរបស់ប្រជាពលរដ្ឋ ធ្វើឲ្យមានផលប៉ះពាល់ដល់កម្មវិធីសម្អាតសំរាម ប៉ះពាល់ភាពស្អាត នៃទីក្រុងរបស់យើង ។ សុំឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្តបន្តការអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដែលជាអ្នកបង្កើតសំរាមនៅទូទាំងក្រុងព្រះសីហនុរបស់យើង ឱ្យពួកគាត់ចូលរួមវេចខ្ចប់ គ្រប់គ្រងសំរាមឱ្យមានអនាម័យ បរិស្ថានល្អ ចាប់ពីពេលនេះតទៅ ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សំរាមធ្វើឲ្យបរិស្ថានមិនស្អាត ធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព សំរាមបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈរបស់យើងគ្រប់គ្នា ផ្តើមចេញពីបញ្ហានេះ វានឹងក្លាយ ជាបញ្ហាប្រឈមដល់សុខភាព កើតនូវជំងឺផ្សេងៗ មេរោគផ្សេងៗ គ្រោះថ្នាក់ដល់សុខភាព សំរាមធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចប្រជាពលរដ្ឋនៅទីនេះផងដែរ ព្រោះថាអ្នកទេសចរទាំងឡាយ អ្នកធ្វើដំណើរទាំងឡាយ អ្នកធ្វើជំនួញទាំង ឡាយ គេពិតជាមិនចង់ឱ្យមានផលប៉ះ ពាល់សុខភាពរបស់គេនោះទេ ។ គេមកទស្សនានៅខេត្តព្រះសីហនុ គេចង់មកយកនូវបរិយាកាសល្អ ស្រូបចូលក្នុងរាង កាយរបស់គេ ហើយនៅទីនេះពោរពេញដោយសំរាម ប្រាកដណាស់អ្នកទេសចរទាំងនោះ គេមិនចង់មកទីនេះទេ ។ ពួកគេនឹងនិយាយមិនល្អពីយើងផងដែរ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាអនាម័យ បរិស្ថាន ជាចំណែកមួយធ្វើការទាក់ទាញដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគឱ្យគេមានទំនុកចិត្តមកកាន់ខេត្តព្រះសីហនុរបស់យើង លើកកម្ពស់ការអភិវឌ្ឍន៍ក្រុងព្រះសីហនុកាន់តែល្អប្រសើរថែមទៀត ជាការរួម ចំណែកលើកកម្ពស់ជីវភាពរបស់ប្រជា ពលរដ្ឋឱ្យកាន តែល្អប្រសើរ ។ សូមឱ្យ បងប្អូនទាំងអស់ ក្លាយខ្លួនទៅជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការគ្រប់គ្រងសំរាមនៅក្នុងក្រុងព្រះសីហនុ របស់យើងក្នុងការប្រមូល និងដឹកសំរាមចេញ អ្វីដែលសំខាន់ គឺការអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការវេចខ្ចប់ទុកដាក់សំរាម និងការបញ្ចេញសំរាមទាន់ពេលវេលា ។
សូមបញ្ជាក់ថា ក្រុមទីមួយ នៅឆ្នេរអូឈើទាល មុខភូមគ្រឹះសម្ដេចតេជោនាយករដ្ឋមន្ត្រី , ក្រុមទីពីរ នៅឆ្នេរឯករាជ្យ បរិវេណសួនច្បារឆ្នេរឯករាជ្យ ,ក្រុមទី 3 សួនមហោស្រប មុខមន្ទីរទេសចរណ៍ និងក្រុមទី៤ នៅវិទ្យាល័យនិងបឋមសិក្សាហ៊ុន សែនឃ្លាំងលើ ៕