(ស្រុកខ្សាច់កណ្តាល)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយ ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងកញ្ញា កូបូ តូម៉ូកុ(Ms.Kubo) លេខាទី១ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កញ្ញា សាតូមិ ម៉ូកៃ(Ms.satomi) នាយិកាប្រចាំប្រទេសនៃអង្គការ អេ.អេ.អរ ជប៉ុន បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ អាគារសិក្សាថ្នាក់សមាហរណកម្ម និងបន្ទប់ធនធាន នៅសាលាបឋមសិក្សាព្រៃធំ ដែលជាជំនួយរបស់សមាគមសម្រាប់ជំនួយ និងសង្គ្រោះរបស់ប្រទេសជប៉ុន (ហៅកាត់ថា អេ.អេ.អរ ជប៉ុន) នៅឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
តាមរបាយការណ៍របស់លោកនាយក សាលាបឋមសិក្សាព្រៃធំនេះ បានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ១៩៨៣ ដំបូងពុំមានជញ្ជាំង គឺបាំងដោយស្លឹកធាងដូង គ្មានទ្វារ បង្អួច តុ កៅអី សម្រាប់សិស្សអង្គុយរៀនឡើយ សិស្សអង្គុយរៀនលើដុំឥដ្ឋ កល់កំណាត់ឈើ មានអ្នកគ្រូតែម្នាក់ជាអ្នកទទួលបន្ទុកផង បង្រៀនផង ឈ្មោះ តន់ ស៊ីផុន ហើយសាលានៅជាឧបសម្ព័ន្ធសាលាបង្គោលឃុំសន្លុងគ្រប់គ្រងដោយលោក គ្រូ សុខ សាន់។
លុះក្រោយមកដោយមានការយកចិត្តទុកដាក់ ជួយគាំទ្រឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងការយកចិត្តទុកដាក់ពីអាជ្ញាធរ ការចូលរួមពីសហគមន៍ និងអង្គការដៃគូរអភិវឌ្ឍន៍ បានធ្វើឱ្យសាលារៀននៅទីនេះមានការអភិវឌ្ឍន៍ជាបន្ដបន្ទាប់ ។ក្នុងឆ្នាំ ២០០៣ ក្រសួងអប់រំ បានសាងសង់អគារ១ខ្នង ស្មើនឹង៣បន្ទប់ ឆ្នាំ២០០៧ សប្បុរសជនជាតិជប៉ុន បានជួយសាងសង់បាន ១ខ្នង ស្មើនឹង៥បន្ទប់ និងឆ្នាំ២០០៨ ក្រសួង បានសាងសង់បាន ១ខ្នង ស្មើនឹង៥បន្ទប់បន្ថែមទៀត ។
ក្នុងនាមរដ្ឋបាលខេត្ត រដ្ឋបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅឃុំសន្លុង ស្រុកខ្សាច់កណ្ដាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសមាគមសម្រាប់ជំនួយ និងសង្គ្រោះរបស់ប្រទេសជប៉ុន ដែលបានជួយសាងសង់អាគារសិក្សា១ខ្នង បង្គន់រចនាជាសកល និងផ្លូវបេតុង ផ្លូវក្រាលការ៉ូឡា ព្រមទាំងជួយឧបត្ថម្ភសម្ភារបរិក្ខាសម្រាប់ថ្នាក់សមាហរកម្ម សម្ភាររៀន និងបង្រៀន សម្ភារសិក្សាសម្រាប់ថ្នាក់សមាហរណកម្ម សម្ភារបរិក្ខាសម្រាប់បន្ទប់ធនធាន សៀវភៅសម្រាប់ដាក់បន្ទប់ធនធាន ដំណើរទស្សនៈកិច្ចសិក្សា និងវគ្គបណ្ដុះបណ្ដាលជាផ្នែកដល់គ្រូថ្នាក់បរិយាបន្ន និងថ្នាក់អប់រំពិសេស បន្ថែមទៀត ។ជាមួយគ្នានេះរដ្ឋបាលខេត្ត សូមស្វាគមន៍ និងគាំទ្រដល់អង្គការសង្គមស៊ីវិល សហគមន៍ទាំងអស់ ដែលបានចុះបញ្ជីស្របច្បាប់ និងធ្វើសកម្មភាពទាំងការងារសង្គម និងការអភិវឌ្ឍន៍ពិសេសការងារជួយអភិវឌ្ឍន៍កុមារដែលជាទំពាំងស្នងឫស្សី នូវសតិបញ្ញាប្រកបដោយស្ដង់ដារតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា៕