ព័ត៌មានជាតិ

ក្រសួងព័ត៌មាន បើកផ្លូវឲ្យអាជ្ញាធរ និងសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលសារព័ត៌មានដែលប្រព្រឹត្តខុសវិជ្ជាជីវៈ

សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានអ្នកសារព័ត៌មានមួយចំនួនតូច មិនបានបំពេញតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួន ធ្វើជាស្ពាន ចម្លងក្នុងការផ្តល់ព័ត៌មានពីប្រជាពលរដ្ឋមកកាន់រដ្ឋាភិបាល និងពីរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋនោះទេ តែបែរជាឆ្លៀតឱកាសប្រើវិជ្ជាជីវៈ ប្រាសចាកក្រមសីលធម៌ ផ្សព្វផ្សាយព័ត៌មានមិនពិតក្លែងបន្លំ នាំឲ្យសាធារណជនយល់ខុស។បន្ថែមពីនេះ ធ្វើឲ្យមានការសង្ស័យលើការអនុវត្តការងាររបស់អាជ្ញាធរមានសមត្ថកិច្ច បង្កឲ្យមានភាពភ័យខ្លាច ច្របូកច្របល់ រំខានដល់ការអនុវត្តតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ច ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ការទទួលយកសំណូក ឬជំរិតទារប្រាក់ជាថ្នូរនឹងការមិនផ្សព្វផ្សាយ ឬលុបព័ត៌មាន ដែលជាប្រការមួយរំលោភយ៉ាងធ្ងន់ធ្ងរ ខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដែលមិនអាចទទួលយកបាន។ដើម្បីលុបបំបាត់ភាពអសកម្មរបស់ក្រុមអ្នកសារព័ត៌មានមួយចំនួនតូច ដែលគ្មានវិជ្ជាជីវៈអគ្គនាយកដ្ឋាន សូមបញ្ជាក់ជូនសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជ្រាបថា ក្នុងករណីបុគ្គលណាដែលរងផលប៉ះពាល់ពីបញ្ហាដូចមានជម្រាបជូនខាងលើ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន គាំទ្រឲ្យបុគ្គលនោះប្រើប្រាស់សិទ្ធិរបស់ខ្លួន ស្របតាមច្បាប់កម្ពុជា និងស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ដោយមិនបាច់ជូនដំណឹងមកក្រសួងព័ត៌មានជាមុនឡើយ។ជាមួយគ្នានេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមវាយតម្លៃខ្ពស់ និងកោតសរសើរស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានភាគច្រើនលើសលប់ ដែលបានខិតខំបំពេញការងាររបស់ខ្លួន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងការយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ពិតជូនសាធារណជន និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍរបស់ប្រទេសជាតិ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *