ព័ត៌មានជាតិ

​ឯកឧត្តម ឃួ​ង ស្រេង​៖ គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ឯកជន​ទាំងអស់ នឹង​អាច​បើក​ដំណើរការ​ឱ្យ​សិស្សានុសិស្ស​បាន​ចូលរៀន​វិញ ចាប់ពី​ថ្ងៃ​១៥ ខែ​កញ្ញា តទៅ​។

ភ្នំពេញ ៖ ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ គ្រឹះស្ថាន​សិក្សា​រដ្ឋ និង​ឯកជន​ទាំងអស់ នឹង​អាច​បើក​ដំណើរការ​ឱ្យ​សិស្សានុសិស្ស​បាន​ចូលរៀន​វិញ ចាប់ពី​ថ្ងៃ​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ តទៅ ក្រោយ​ពី​ខកខាន​អស់​រយៈពេល​ជាង​៧​ខែ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ។ ការបើក​គ្រឹះស្ថានសិក្សា​ឱ្យ​សិស្សានុសិស្ស បាន​ចូលរៀន​ឡើងវិញ​នេះ លុះត្រាតែ​គ្រឹះស្ថាន​ទាំងនោះ បាន​បំពេញ​លក្ខន្តិកៈ គ្រប់គ្រាន់​របស់​ក្រសួង​សុខាភិបាល ដែល​ជឿ​បាន​ថា មិន​មាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។ នេះ​បើ​តាម​ការបញ្ជាក់​របស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង ( Video Conference ) ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល និង​អង្គភាព​ពាក់ព័ន្ធ​មួយចំនួនទៀត នា​រសៀល​ថ្ងៃ​៣​កើត ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា គ្រឹះស្ថាន​សិក្សា​ទាំង​រដ្ឋ និង​ឯកជន នឹង​បើក​ដំណើរការ​ឱ្យ​សិស្សានុសិស្ស​ចូលរៀន ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ តទៅ ។ ការបើក​ឱ្យ​ដំណើរការ​នេះ​បាន លុះត្រាតែ​គ្រឹះស្ថានសិក្សា​ទាំងអស់ បាន​បំពេញ​លក្ខន្តិកៈ គ្រប់គ្រាន់​ទាំង​អនាម័យ បរិស្ថាន និង​ការអនុវត្ត​នូវ​វិធាន​របស់​ក្រសួង​សុខាភិបាល សំដៅ​ធ្វើ​យ៉ាងណា​អាច​ធានាបាន​ថា មិន​មាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏​បាន​ជំរុញ​ឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើតេស្តិ៍​រហ័ស ទៅលើ​គ្រូបង្រៀន បុគ្គលិក​សិក្សា​ទាំងអស់ ដោយ​ត្រូវ​ចាប់ផ្ដើម​អនុវត្តន៍​ការងារ​នេះ​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១​តទៅ ។ បើ​អនុវត្តន៍​តាម​លក្ខន្តិកៈ​បាន​ល្អប្រសើរ​ហើយ​នោះ គ្រឹះស្ថាន​សិក្សា​នោះ​នឹង​ដំណើរការ​សិក្សា​ឡើងវិញ​បាន​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា ចំពោះ​គ្រឹះស្ថាន​សិក្សា​ឯកជន​ទាំងអស់ គឺ​ត្រូវ​ធ្វើ​ពាក្យស្នើសុំ​បើក​គ្រឹះស្ថាន​សិក្សា​របស់​ខ្លួន​ឡើងវិញ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ក្រោយ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពិនិត្យឃើញថា បាន​បំពេញ​នូវ​លក្ខន្តិកៈ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឱ្យ​អនុវត្តន៍​បាន​ល្អប្រសើរ​ហើយ​នោះ គ្រឹះស្ថាន​ទាំងនោះ​នឹង​ទទួលបាន​ការអនុញ្ញាត ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​បើក​ដំណើរការ​សិក្សា​ជាធម្មតា​ឡើងវិញ ។​

​ឯកឧត្តម អភិបាល​រាជធានី​ភ្នំពេញ បាន​បន្តទៀតថា ការបើក​សាលារៀន​នេះ គឺជា​ជំហាន​ដំបូង​មួយ​នៃ​ការបើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​វិស័យ​ផ្សេងៗ​ទៀត មានន័យ​ថា បើ​ការបើក​ឱ្យ​ដំណើរការ សិក្សា​តាម​គ្រឹះស្ថាន​អប់រំ​ទាំងអស់ ដំណើរការ​ល្អ​ហើយ​នោះ យើង​ក៏​នឹង​អាច​បន្ត​បើក​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​។​

​ចំណែក​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ការបើក​សាលារៀន​ទាំង​ឯកជន និង​រដ្ឋ​ឡើងវិញ​នេះ គឺ​ដំណើរការ​តែ​សាលា​ចាប់ពី​ថ្នាក់​ទី​០៩ ទៅ​ដល់​ថ្នាក់​ទី​១២​ប៉ុណ្ណោះ ហើយ​បើ​ដំណើរការ​នេះ​ឈាន​ទៅ​រលូន​ហើយ​នោះ យើង​នឹង​គិតគូរ​ពី​ថ្នាក់​មត្តេយ្យសិក្សា និង​បឋមសិក្សា​បន្តទៀត ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *