ក្រុមបាល់ទាត់ជម្រើសជាតិវ៉េល និងស្វីស រកបាន ១ក្រុម ១ ពិន្ទុដូចគ្នានៅពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ នៃវគ្គសន្សំពិន្ទុពូល A របស់ពួកគេក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020។
ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Baku ប្រទេសអាហ្សឺបៃហ្សង់នារាត្រីថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផល ០-០ នៅរយៈពេល ៤៥នាទីដំបូង នៅមុនពេល Breel Embolo តែតបញ្ចូលទីគ្រាប់នាំមុខឲ្យស្វីសនាំមុខត្រឹមចាប់ផ្តើមលេងវគ្គទី២ បាន ៤នាទីពីការបញ្ជូនរបស់ Xherdan Shaqiri។
តែយ៉ាងណាវ៉េលដែលមានកីឡាករសំខាន់ Gareth Bale, Daniel James និង Aaron Ramsey បានសហការគ្នាវាយសម្រុករហូតរកបាន ១គ្រាប់វិញពីការធ្វើបានសម្រេចដោយ Kieffer Moore ពីការបញ្ជូនរបស់មិត្តរួមក្រុម Joe Morrell នៅនាទី៧៤។
ដូច្នេះ ទាំងស្វីស និងវ៉េលទទួលបាន ១ពិន្ទុដូចគ្នាឈរនៅលេខ២ ទី៣ ប្រចាំពូល A បណ្តោះអាសន្ន តាមពីក្រោយអ៉ីតាលីដែលមាន ៣ពិន្ទុឈរនៅកំពូលតារាងពេលបំបាក់តួកគី ៣-០ នៅថ្ងៃបើកឆាក Euro 2020 លើកទី១៦ នេះ៕