ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នំា២០២១នេះ ការបំផ្លាញអាល់កុលក្លែងក្លាយនេះ ធ្វើឡើងតាមការឯកភាពរបស់លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងខេត្តកោះកុង មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កងកម្លាំងសមត្ថកិច្ច និងមន្ទីរជំនាញផ្សេងទៀត ។
លោក ហ៊ុយ ភិរម្យ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី២៦ ខែឧសភា ថា អាល់កុលផ្ទុកដោយសារធាតុមេតាណុលបង្កផលប៉ះពាល់ និងគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់នេះ រកឃើញនៅក្នុងឱសថស្ថានមួយកន្លែងក្នុងក្រុងខេមរភូមិន្ទ គ្រាម្ចាស់ឱសថបានបញ្ជាទិញពីអ្នកលក់តាមអនឡាយមកពីសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយដឹងព័ត៌មានក្រុមការងារក៏ផ្តល់ព័ត៌មានបន្ទាន់ទៅកាន់ថ្នាក់ដឹកនាំចុះតាមដានអង្កេត និងបង្ក្រាបរកទីតាំងលក់ដូរអាល់កុលខុសច្បាប់នៅរាជធានីភ្នំពេញបន្ត ជាលទ្ធផលពិតជាបានបង្ក្រាបអាល់កុលក្លែងក្លាយបានជាច្រើនលីត្រប្រាកដមែន។
លោកប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តកោះកុង សង្កត់ធ្ងន់ដែរថា ដោយមានការយល់ព្រមពីតំណាងអយ្យការអមសាលាដំបូង និងទទួលលទ្ធផលសំណាកថែមទៅធ្វើតេស្តនៅរាជធានីភ្នំពេញទើបសម្រេចបំផ្លាញចោលអាល់កុលខូចគុណភាពទាំង២០កាន ស្មើនឹង៥៤០លីត្រតែម្តង។
សារធាតុមេតាណុល ពុំមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគកូវីដ-១៩នោះទេ មិនតែប៉ុណ្ណោះការប្រើមេតាណុល សម្រាប់លាងដៃសម្រាប់សម្លាប់មេរោគកូវីដ-១៩ អាចនឹងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់បានប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។
ក្រុមមន្ត្រីជំនាញ ក៏ក្រើនរំលឹកដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមកុំយកសារធាតុមេតាណុលបន្លំជាអាល់កុលលក់ជូនប្រជាពលរដ្ឋ ពីព្រោះសកម្មភាពនេះបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើ និងប្រឈមចំពោះមុខច្បាប់ថែមទៀតផង។ រាល់ការទិញលក់ផលិតផលពិនិត្យ និងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់។ ប្រសិនបើប្រជាពលរដ្ឋមានការសង្ស័យជាយថាហេតុ ពាក់ព័ន្ធនឹងគុណភាពអាល់កុល ឬមានព័ត៌មានពីការស្តុកទុក ការចរាចរឬចែកចាយអាល់កុលក្លែងក្លាយសូមបន្តផ្តល់ព័ត៌មានមកកាន់សាខា ក.ប.ប ដើម្បីបង្ក្រាបទប់ស្កាត់ទាន់ពេលវេលា៕