ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម បន្ដយកកូនត្រី និងសម្ភារចិញ្ចឹម ចែកជូនកសិករនៅខេត្តកណ្តាល និងណែនាំឲ្យមន្ដ្រីជំនាញ ត្រូវចុះមកជួយជំរុញការចិញ្ចឹម…

ខេត្តកណ្ដាល​ ៖ នាព្រឹកថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ុក ដាមរី អ្នកតំណាងរាស្រ្តមណ្ឌលកណ្ដាល ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាលបានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមត្រីមួយចំនួនទៀត មកចែកជូនកសិករ នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។

ក្នុងពិធីនេះដែរ ឯកឧត្ដម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានធើ្វរបាយការណ៍សង្ខេបអំពីវឌ្ឍនភាព នៃវិស័យកសិកម្មនៅទូទាំងខេត្តកណ្តាល ជាពិសេសផលិតកម្មបន្លែ ដែលទូទាំងខេត្តមានលទ្ធភាពផលិតបាន ១៩០ តោន ក្នុង១ថ្ងៃ។

ឯកឧត្ដមអភិបាលរងខេត្តកណ្ដាលបានបន្តថា ដោយឡែក វិស័យវារីវប្បកម្ម នៅទូទាំងខេត្តកណ្ដាល មាន ២៨សហគមន៍នេសាទ តំបន់អភិរក្សមាន ៥កន្លែង និងអន្លុងអភិរក្សមាន ៨កន្លែង និងមាន ១៧គ្រួសារចិញ្ចឹមត្រី មានស្រះចិញ្ចឹម ១៧មានត្រីពូជ១៣៤,០០០ក្បាល ក្រៅពីនេះ ក៏មានកសិករចិញ្ចឹមត្រីតាមបែមាន ៨គ្រួសារ មានបែចំនួន ២០ ។

ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការបង្កើនផលិតភាពផលិតកម្មស្បៀង និងការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ គឺត្រូវបង្កើតការងារ តាមរយៈការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និងបន្លែបង្កា ជាលក្ខណៈគ្រួសារ ដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយចំនួនទៀត កំពុងប្រឈមបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩ នាពេលបច្ចុប្បន្ន ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ចំពោះការចិញ្ចឹមត្រី គឺមន្ត្រីជំនាញ នៃមន្ទីររដ្ឋបាលជលផលត្រូវធើ្វការណែនាំ និងចុះមកជួយជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង តាមរយៈការបង្កើនផលិតភាពផលិត ដើម្បីក្លាយ ជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាព ចិញ្ចឹមតាមគ្រប់រូបភាព និងត្រូវធ្វើការតាមដាននូវរាល់សកម្មភាព របស់វារីវប្បករដែលនឹងយកកូនត្រីទៅចិញ្ចឹមនាថ្ងៃនេះ ធ្វើយ៉ាងណាឲ្យការចិញ្ចឹម ទទួលបានផលល្អ។

ឯកឧត្ដមរដ្ឋមន្រ្តី ក៏បានស្នើដល់មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ហើយត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ ចាប់ផ្តើមចិញ្ចឹម។

ក្នុងឱកាសនោះដែរ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង ដោយប្រកាន់យកមុខរបរចិញ្ចឹមត្រី ដើម្បីចូលរួមចំណែកបំពេញសេចក្ដីត្រូវការរបស់ទីផ្សារក្នុងខេត្តកណ្ដាល រួមនឹងការនិងការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *