ព័ត៌មានជាតិ

ពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាវិកថ្មីឆ្នាំ២០១៩ និងបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលពលនាវិកថ្មីឆ្នាំ២០២០ នៅសាលាទ័ពជើងទឹកមូលដ្ឋានសមុទ្រ

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលនាវិកថ្មីឆ្នាំ២០១៩ និងបើកវគ្គហ្វឹកហ្វឺនបណ្ដុះបណ្ដាលពលនាវិកថ្មីឆ្នាំ២០២០ នៅសាលាទ័ពជើងទឹកមូលដ្ឋានសមុទ្រ ។

តាមរបាយការណ៍វគ្គហ្វឹកហ្វឺន ចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅសាលាទ័ពជើងទឹកមូលដ្ឋានសមុទ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានសិក្ខាកាមចូលរួម ២៥០ នាក់ ក្នុងនោះគ្រូបង្វឹក ១១នាក់ និងសិក្ខាកាម ២៣៩នាក់ ជាពលនាវឹកជ្រើស រើសថ្មី។ហ្វឹកហាត់រយ:ពេល ៣ខែមានដូចជា លំហាត់របៀបអប់រំចិត្តសាស្ត្រ អប់រំសុខាភិបាល ភស្តុភារ-ហិរញ្ញវត្ថុ កាយសិក្សាយោធាបច្ចេកទេសប្រើប្រាស់អាវុធថ្មើរជើងយុទ្ធវិធីប្រយុទ្ធថ្នាក់បុគ្គល និងបាញ់ស៊ីប ។ ជាលទ្ធផលសិក្ខាកាមទទួលបាននិទ្ទេសល្អ ៩៩នាក់ ស្មើ ៤១,៤២ភាគរយ ល្អបង្គួរ ១០២នាក់ ស្មើនឹង ៤២,៦៨ ភាគរយ និងមធ្យម ៣៨នាក់ ស្មើនឹង ១៥,៩០ភាគរយ ។

ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ពាំនាំការផ្តាំផ្ញើសម្តេចពិជ័យសេនា ទៀ បាញ់ ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនចំពោះនាយនាវី ពលនាវី ។ ក្រោមការដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់វិស័យអប់រំបណ្តុះបណ្តាលបង្កើនធនធានមនុស្ស ក្លាយជាកម្លាំងស្នូល និងជាមូលដ្ឋានគ្រឹះរឹងមាំតាមជំនាញឯកទេសថែមមួយកម្រិតទៀតព្រមទាំងវាយតម្លៃខ្ពស់ការហ្វឹកហាត់ផ្ទេរចំណេះដឹងដល់នាវិកថ្មី ក្នុងការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សទទួលបានជោគជ័យ ដើម្បីបម្រើជាតិ សាសនា ព្រះមហាក្សត្រ ពិសេសបម្រើ និងការពាររាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កងយុទ្ធពលខេមរៈភូមិន្ទ វិស័យទ័ពជើងទឹកទាំងពេលបច្ចុប្បន្ន និងទៅអនាគតមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជាលើគ្រប់ស្ថានភាព ទាំងគ្រឿងបំពាក់សម្ភារៈបច្ចេកទេសអាវុធយុទ្ធភណ្ឌគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *