ព័ត៌មានជាតិ

​សមិទ្ធផល​ជាច្រើន​ស្ថិត​ក្នុង​វត្ត​សត្ថា​ធម្ម​វិហារ ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កែប​កាត់​ខ្សែបូរ​សម្ពោធ​ស្រប​ពេល​ថ្ងៃ​ឆ្លងបុណ្យ​វិសាខបូជា​

(​ខេត្ត​កែប​)៖ សមិទ្ធផល​នានា​ក្នុង​វត្ត​សត្ថា​ធម្ម​វិហារ​(​ភ្នំ​ពោន​) ស្ថិតក្នុង​ភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ធ្វើ​ពិធី​សម្ពោធ ក្នុង​ថ្ងៃ​ឆ្លងបុណ្យ​វិសាខបូជា ដែល​ប្រព្រឹត្ត​ឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ១​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប​។​

​ក្នុង​ពិធី​ឆ្លងបុណ្យ​វិសាខបូជា​ព្រឹក​នេះ​ក្រោយពី​ធ្វើ​ពិធី​ដាក់​បាត​ព្រះសង្ឃ​ចំនួន​១១១​អង្គ គណៈអធិបតី​ក៏​បាន​កាត់​ខ្សែបូរណ៍​សម្ពោធ​ឆ្លងព្រះពុទ្ធ​រូប​ទ្រង់​បិណ្ឌបាត្រ​ចំនួន​១៥៧ អង្គ នឹង​សមិទ្ធផល​នាៗ ព្រមទាំង​បញ្ជុះ​បឋមសិលា​ក​សាងព្រះពុទ្ធរូប​ប្រក់​នាគ​កម្ពស់​១២​ម៉ែត្រ រួម​និង​ការសាងសង់​ខ្លោងទ្វារវត្ត​សត្ថា​ធម្ម​វិហារ (​ភ្នំ​ពោន​) ផងដែរ​។​

​តាម​របាយការណ៍​របស់ លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ បានបញ្ជាក់​ថា ការកសាង​វត្ត​សត្ថា​ធម្ម​វិហារ​(​ភ្នំ​ពោន​)​គឺ​ចាប់ផ្តើម​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧ រហូតដល់​បច្ចុប្បន្ន ដែល​គ្រប់គ្រង​ដោយ​ព្រះ​ចៅអធិការ​វត្ត ព្រះនាម ផាត់ ធួ​ក រួមជាមួយ​នឹង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ដោយ​មាន​ការ​ផ្តួចផ្តើម​ឡើង​ពី​សំណាក់ ឯកឧត្តម កែ​ន សត្ថា រួមជាមួយ​នឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ព្រមទាំង​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស​។​

​ក្នុង​ឱកាស​សម្ពោធ​សមិទ្ធផល​ព្រឹក​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បានបញ្ជាក់​ថា ដោយ​មាន​ការគាំទ្រ​ពី​សំណាក់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ក៏ដូចជា​ប្រជាពលរដ្ឋ​ស្ថិតក្នុង​តំបន់​ខាងលើ លោក​ក៏​បាន​ចំណាយធនធាន​ដើម្បី​កសាង​ទី​អារាម​មួយ​នេះ ក្នុង​គោលបំណង​បម្រើ​ដល់​វិស័យ​ពុទ្ធចក្រ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន សម្រាប់​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​បាន​ចូលរួម​ធ្វើ​បុណ្យទាន ទៅ​តាម​ជំនឿ​នៃ​ព្រះពុទ្ធសាសនា​នៃ​យើង​។​

​លោក​បាន​បន្តថា វិស័យ​ពុទ្ធចក្រ​មាន​ការរីកចម្រើន​នាពេលនេះ ក៏​បាន​កើតឡើង​ដោយសារ​ប្រទេសជាតិ​មាន​សុខ​សន្និភាព​ពេញលេញ ហើយ​សុខសន្តិភាព​នេះ គឺ​បានមកពី​ការចូលរួម​ចំណែក​របស់​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា​រកបា​នមកដោយ​ការលំបាក ពិសេស​ការខិតខំ និង​ការលះបង់​ទាំង​ញើស​ឈាម​របស់ សម្តេច​តេជោ ហ៊ុន សែន រួម​នឹង​ថ្នាក់​ដឹកនាំ​សំខាន់ៗ​ជាច្រើន​ទៀត ទើប​យើង​ទាំងអស់គ្នា​មាន​អ្វីៗ​គ្រប់បែប​យ៉ាង​មកដល់​ថ្ងៃនេះ​។​

​សូមបញ្ជាក់​ថា​៖ ពិធី​រាប់​បាត សម្ពោធ​សមិទ្ធផល និង​បុណ្យ​បញ្ចុះ​បឋមសិលា​កសាង​ព្រះ​ពុទ្ធរូប​ប្រក់​នាគ​កម្ពស់​១២​ម៉ែត្រ​នេះ​ក៏​មាន​ការអញ្ជើញ​ចូល​ពី​លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី ជា​សមាជិក​ក្រុមប្រិក្សា​ខេត្ត មន្ត្រីរាជការ​តាម​មន្ទីរ​អង្គភាព​ជំ​ុ​វិញ​ខេត្ត គណៈ​អភិបាលក្រុង ស្រុក ក្រុមប្រឹក្សា​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​អង្ក​ភាព ពុទ្ធបរិស័ទ​មកពី​គ្រប់​តំបន់​ផងដែរ​៕ សេង ណា​រិទ្ធ​

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *