ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលស្រុកចន្ទ្រា បានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចន្ទ្រា នៅភូមិត្រពាំងដៀលើ ឃុំច្រេស ស្រុកចន្ទ្រា ក្រោមអធិបតីភាពលោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់សុរិយោដីខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយឃុំច្រេស ស្រុកចន្រ្ទា លោក ចិន សាធាន នាយករដ្ឋបាលសាលាខេត្តស្វាយរៀងនិងជាអនុប្រធានក្រុមការងារចុះជួយឃុំច្រេស លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្រ្ទា។
អញ្ជើញចូលរួមក្នុងវេទិកានេះរួមមាន លោក លោកស្រីជាសមាជិកក្រុមការងារចុះមូលដ្ឋានស្រុកចន្រ្ទា ប្រធានការិយាល័យថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ សរុបវត្តមាន ៧៥នាក់ ស្រី ៣១នាក់។ ក្នុងឱកាសនោះ ប្រជាពលរដ្ឋ បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួន០៣ពាក់ព័ន្ធនឹងជីវភាពរស់នៅ និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចជា៖
១. សុំជួយជួសជុលផ្លូវចូលវត្តព្រៃខ្លួតហៅវត្តច្រេសស្ថិតនៅភូមិត្រពាំងដៀលើ ប្រវែង ៥០០ម៉ែត្រ ព្រោះផ្លូវនេះ ប្រជាពលរដ្ឋធ្វើដំណើរទៅបុណ្យនៅវត្ត និងសិស្សានុសិស្សទៅសាលារៀនក្នុងវត្ត។
២. សុំឲ្យជួយទប់ស្កាត់ការឆក់ត្រីនៅបឹងដូនទយ និងបឹងត្រពាំងធ្លក។
៣. ប្រជាពលរដ្ឋស្នើសុំលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តស្វាយរៀងដែលបងប្អូនប្រជាពលរដ្ឋធ្វើបានកម្មសិទ្ធិហើយសូមយកមក ចែកដល់មូលដ្ឋាន។
បញ្ហាប្រឈម និងសំណូមពរខាងលើ ត្រូវបានគណៈអធិបតី និងក្រុមការងារ និងក្រុមប្រឹក្សាឃុំ ធ្វើការដោះស្រាយ និងបំភ្លឺរួចរាល់ហើយ។ ចំពោះបញ្ហាដែលនៅសេសសល់មួយចំនួន ក្រុមការងារនឹងធ្វើការពាំនាំ រាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីរិះរកវិធីដោះស្រាយនៅពេលក្រោយ៕