ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ជួបសំណេះសំណាលសាកសួរសុខទុក្ខ កងកម្លាំងទាំងបី នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅព្រឹក ថ្ងៃសុក្រ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានអញ្ជើញជួបសំណេះ សំណាលសាកសួរសុខទុក្ខកងកម្លាំងទាំងបី ចំនួន៨០១នាក់ នៅស្នងការដ្ឋាននរគបាលខេត្ត ។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្តស្វាយរៀងនឹងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានផ្តាំផ្ញើរដល់កងកម្លាំងប្រដាប់អាវុធនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖
កងកម្លាំងទាំងអស់ ត្រូវរក្សាការស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោនាយករដ្ឋមន្ត្រី ។

ត្រូវលើកកម្ពស់មនសិការស្នេហាជាតិ គោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យ និងរាល់តួនាទីភារកិច្ចរបស់កងកម្លាំងក្នុងការថែរក្សាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍដែលប្រទេសជាតិយើងកំពុងមានសព្វថ្ងៃ ការពារ រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ និងប្រឆាំងរាល់ ការប៉ុនប៉ងផ្តួលរំលំ ឬធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល។

ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អក្នុងចំណោមកងកម្លាំងទាំងអស់ សំដៅឲ្យការអនុវត្តការងារសម្រេចបានលទ្ធផលជោគជ័យ និងមានប្រសិទ្ធភាពថែមទៀត ។

ត្រូវបន្តយកចិត្តទុកដាក់ការប្រមូលផ្ដុំគ្រប់គ្រងវត្តមានកងកម្លាំងក្រោមឱវាទរបស់ខ្លួន ឲ្យបានច្បាស់លាស់ ដោយត្រូវមានមុខ ១០០% ប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីត្រៀមខ្លួនអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងកិច្ចអន្តរាគមន៍ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។

ត្រូវបង្កើនការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែនឲ្យបានតឹងរ៉ឹងបំផុត ទប់ស្កាត់ការប្រើប្រាស់ច្រកទ្វារព្រំដែនក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ក្នុងការវិលចូលស្រុករបស់ជនក្បត់ជាតិ សម រង្ស៉ី ហើយក្នុងករណីដែលបានប្រទះឃើញជននេះ ត្រូវអនុវត្តវិធានការចាប់ខ្លួនជាបន្ទាន់ ។

លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងក្នុងនាមកងកម្លាំងទាំងបីប្រភេទប្តេជ្ញា ការពារ សុខសន្តិភាព ទប់ស្កាត់ឱ្យបានដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលពីសំណាក់ក្រុមឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយសមរង្ស៉ី និងប្តេជ្ញារក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យខានតែបាន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *