ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងនូវមនោសញ្ចេត នាសោកសង្រេង ចំពោះ អ្នកធ្លាប់រួមការងារសម័យរដ្ឋកម្ពុជា ដែលបានទទួលមរណៈភាព! 

រាជធានីភ្នំពេញ ÷ នារសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមរំលែកទុក្ខនិងគោរពវិញ្ញាណក្ខន្ធសព លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត ជាអតីតអ្នកធ្លាប់រួមការងារនាសម័យរដ្ឋកម្ពុជា ដែលបានទទួលមរណៈភាព ក្នុងជន្មា៦៩ឆ្នាំ ដោយរោគាពាធ ក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

លោក ម៉ែន មក់រ៉ុន ហៅ វណ្ណ សុផាត កាលនៅមានជីវិត ពុំមែនជាអ្នកធ្វើការក្នុងអង្គភាពជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នោះទេ តែធ្លាប់បានរួមការងារនៅក្នុងគណៈកម្មការបើកច្រកព្រំដែន កម្ពុជា-ថៃ ប៉ោយប៉ែត ជាមួយគ្នា នាសម័យរដ្ឋកម្ពុជា។ ពេលបានដឹងថាលោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត ជួបការលំបាកដោយសារជំងឺប្រចាំកាយជាច្រើនមុខដើរពុំរួចសម្រាកនៅលើគ្រែ ហើយប្រពន្ធដែលកំពុងមើលថែទាំគាត់ ក៏ងងឹតភ្នែក និងមានកូនស្រីម្នាក់ជាស្ត្រីមេម៉ាយ ប្រកបរបរស៊ីឈ្នួលលាងចានតាមហាង និងបោកខោអាវឱ្យអ្នកជិតខាង បានប្រាក់បន្តិចបន្តួចទុកសម្រាប់តែមើលថែទាំជំងឺឪពុកម្តាយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានជួយឧបត្ថម្ភអំណោយជាបន្តបន្ទាប់។ នៅពេលទទួលដំណឹងថា លោក ម៉ែន មករ៉ុន ហៅ វណ្ណ សុផាត ទទួលមរណៈភាព លោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង ក៏បាននាំយកថវិកាចំនួន ១,៥០០$ (មួយពាន់ ប្រាំរយ ដុល្លារ), អង្ករចំនួន ១០ការុង, ភេសជ្ជៈចម្រុះចំនួន ២០កេស ទៅចូលរួមបុណ្យ សព និងបានសន្យាបន្តជួយឧបត្ថម្ភជីវភាពប្រចាំខែ ដល់គ្រួសារសពនូវថវិកា២០ ម៉ឺន រៀល រួមជាមួយអង្ករ០២ការ៉ុង ជារៀងរាល់ខែ ព្រមទាំងធានារ៉ាប់រងការចំណាយជូនប្រពន្ធនៃសព ទៅពិនិត្យនិងព្យាបាលភ្នែកផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *