ព័ត៌មានជាតិ

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​មួយ​កន្លែង​ហើយ​ឃាត់​បាន​មនុស្ស​ប្រុស​ស្រី​ជាច្រើន​នាក់​សង្ស័យ​ពាក់ព័ន្ធ​លួច​បង្កប់​សេវាកម្ម​ផ្លូវភេទ​

ភ្នំពេញ​៖ ជនជាតិ​បរទេស​ប្រុស​ស្រី​ប្រមាណ​ជា​២០​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​នៅ​ទីតាំង​ហាង​ម៉ាស្សា​មួយ​កន្លែង​ដែល​មាន​ស្លាក​យីហោ​ជា​អក្សរ​ចិន ប្រែ​ថា ( ឈូង​សមុទ្រ​ក្រអូប ) កាលពី​វេលា​ម៉ោង​១២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២២ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១៧២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់​ថា កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ធ្វើ​ការត្រួតពិនិត្យ​នៅ​ផ្នែក​ខាងក្នុង និង​ធ្វើ​ការហ៊ុមព័ទ្ធ​នូវ​ខ្សែ​រង្វង់​ប្រតិបត្តិការ​ដោយ​យក​រថយន្ត​មក​ចំនួន​៣​គ្រឿង​មក​ចត​នៅ​ផ្នែក​ខាងក្រៅ រួម​មាន​រថយន្ត​ទ្រុង​ដែក រថយន្តក្រុង​ខ្នាតតូច​នៃ​កងរាជអាវុធហត្ថ និង​រថយន្ត​សង្គ្រោះ​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។ ​នៅ​មុន​ពេល​ចុះ​ឡោមព័ទ្ធ​ទី​តាំង​ខាងលើ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើ​ការស្រាវជ្រាវ​ដើម្បី​កំណត់​ឱ្យបាន​ច្បាស់​នូវ​មុខ​សញ្ញា​នៃ​បទល្មើស រហូត​ឈានដល់​ការបើក​ប្រតិបត្តិការ​បង្ក្រាប​តែម្តង​។ ការចុះ​ឡោមព័ទ្ធ​ទីតាំង​បម្រើ​ផ្លូវភេទ​ខាងលើនេះ​បាន​បញ្ជាប់​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២២ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជា​ជនជាតិ​បរទេស​ប្រមាណ​២០​នាក់​រួម​ទាំង​សម្ភារ​ប្រើប្រាស់​មួយចំនួនទៀត​ដែល​មាន​នៅក្នុង​ហាង​ម៉ាស្សា​ខាងលើ​ហើយ​សង្ស័យ​ថា​ពាក់ព័ន្ធ​លួច​បង្កប់​នូវ​សេវាកម្ម​ផ្លូវភេទ​។​

​ក្រោយពេល​ប្រតិបត្តិការ​ចប់ កម្លាំង​កងរាជអាវុធហត្ថ​បាន​នាំ​ខ្លួន​មនុស្ស​ប្រុស​ស្រី​ទាំងនេះ​ទៅកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសួរនាំ និង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *