ព័ត៌មានជាតិ

អាជ្ញាធរក្រុងសៀមរាប បានសម្រេចចុះបិទទីតាំងការដ្ឋានកាយយកអាចម៍ដីទៅលក់ចំនួន២កន្លែង នៅក្នុងតំបន់អភិក្សត្រីមេពូជ បឹងពារាំង។

ខេត្តសៀមរាប៖ អាជ្ញាធរក្រុងសៀមរាប បានសម្រេចចុះបិទទីតាំងការដ្ឋានកាយយកអាចម៍ដីទៅលក់ចំនួន២កន្លែង នៅក្នុងតំបន់អភិក្សត្រីមេពូជ បឹងពារាំង ការចុះបិទទីតាំងនេះនៅថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២២ ពីព្រឹកម្សិលមិញ ក្រោយពីម្ចាស់ការដ្ឋានទាំង២ផ្ទុះហិង្សាបង្កជារបួសស្នាម។ តំណាងរដ្ឋបាលក្រុងសៀមរាប លោក ហាយ យង់ ដែលដឹកនាំកម្លាំងចុះបិទផ្ទាល់បានឲ្យដឹងថា ការបិទការដ្ឋានកាយរណ្តៅដីក្នុងបឹងពារាំងទាំងពីរកន្លែង គឺធ្វើទៅតាមបញ្ជាថ្នាក់លើ។

លោកហាយ យង់ បន្តថា ក្រុមហ៊ុនជីកដីខាងលើទី១ ស្ថិតក្រោមការគ្រប់គ្រងដោយសហគមន៍បឹងពារាំង ( គង់ មង្គល ? ) និងមាន ឈ្មោះសាន្ត រដ្ឋស៊ីង ជាម្ចាស់គ្រឿងចក្រ. ទី២ក្រោមការគ្រប់គ្រងរបស់ប្រធានសហគមន៍នេសាទចុងឃ្នៀសដែលមានឈ្មោះ ហាប់ ដា ម្ចាស់គ្រឿងចក្រ។ ការឈានទៅដល់បិទការដ្ឋាននេះ មូលហេតុគឺក្រុមហ៊ុនជីកដីទាំងពីរធ្វើការមិនសហការគ្នា បង្កភាពអនាធិបតេយ្យ ដឹកជញ្ជូនមិនបាញ់ទឹកស្រោចផ្លូវ បណ្ដាលឲ្យហុយ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ ហើយឈានដល់ប្រើហិង្សាបង្កជារបួសស្នាម។

លោក ហាយ យង់ បន្ថែមថាក្នុងកិច្ចសន្យាក្រុមហ៊ុន ខាងលើ ត្រូវបំពេញកត្តព្វកិច្ចរបស់ខ្លួន ប៉ុន្តែពួកគេបំពានកិច្ចសន្យា ហើយបង្កជារបួសស្នាមថែមទៀត។ អីចឹងហើយទើបថ្នាក់លើសម្រេចបិទអាជីវកម្មបែបនេះ។ ទោះបីយ៉ាងណា លោកហាយ យង់ សុំមិនធ្វើអធិប្បាយចំពោះរឿងបង្ករបួសស្នាមនោះទេ ដោយលោកបញ្ជាក់ថា បទល្មើសព្រហ្មទណ្ឌ ទុកអោយសមត្ថកិច្ចជំនាញអនុវត្តតាមនិតិវិធី។ ប៉ុន្តែលោកបញ្ជាក់ថាចំពោះ ការបិទការដ្ឋានជីកដីក្នុងបឹងពារាំង គឺមិនមានថ្ងៃ កំណត់ឡើយ ប្រសិនបើគ្មានបញ្ជាពីថ្នាក់លើ។
សូមបញ្ជាក់ថា បឹងពារាំងជាតំបន់អភិរក្សត្រីមេពូជ ដ៏សំខាន់មួយក្នុងខេត្តសៀមរាប។ បឹងនេះត្រូវបានអនុញ្ញាតអោយមានការជីកស្តារដើម្បីរក្សាទឹកសម្រាប់សង្គ្រោះត្រីនិងសត្វស្លាបនារដូវប្រាំង។ ប៉ុន្តែដោយការដណ្តើមប្រយោជន៍គ្នា ក្រុមហ៊ុនជីកដីទាំងពីរខាងលើមិនគោរពកិច្ចសន្យា ហើយឈានដល់បង្ករបួសស្នាមទើបអាជ្ញាធរសម្រេចបិទអាជីវកម្មជីកស្តារបែបនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *